ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់/UNTAC

នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

 

ក្នុងជំនួបនេះ ឯកឧត្តម John Sanderson បានសម្តែងនូវក្តីរីករាយដែលមានឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅកម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តម បានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។

 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ ឯកឧត្តម John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។

 

ឯកឧត្តម ក៏បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួយឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់ ឯកឧត្តម John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុងរឿងរបស់កម្ពុជាបន្តទៅមុខទៀត។

 

ក្រៅពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឧត្តមសេនីយ៍ឯក John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមាន ជាអាទិ៍បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអកាសធាតុ ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *