ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព និងគ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ និងប្រជាពលរដ្ឋ ដោយមិនគិតលុយ

(ព្រះវិហារ)លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៧និងប្រជាពលរដ្ឋ ដោយមិនគិតលុយ ដោយបានទទួលយ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៌ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ និងឧត្តមសេនីយ៌ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៌លេខ៧ ព្រមទាំងនាយទាហាន និងពលទាហានទូទាំង កងពលតូចអន្តរាគមន៌លេខ៧ទាំងមូល ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំង កងពលតូចអន្តរាគមន៌លេខ៧ ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ។

លោកជំទាវបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាដដ វននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងចែកជូនវែនតា សម្រាប់លោកយាយ លោកតា,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ, កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូណ៍។

សូមបញ្ជាក់ថា : កម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាច្រើនគោលដៅរួចមកហើយ នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ។

Leave a Reply

Your email address will not be published. Required fields are marked *