ព័ត៌មានជាតិ

សម្តេចតេជោ នឹងអញ្ចើញចូលរួមប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស នាថ្ងៃ២២ ខែឧសភា

រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា សេដ្ឋកិច្ច ពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគ សម័យក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនៈវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ​ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏រំពឹងថានឹងមានជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន   ក៏ដូចជាទទួលការចូលជួបសំដែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក«រាត្រីកម្ពុជា» (CAMBODIA NIGHT)  ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group)  ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុប ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *