ព័ត៌មានជាតិ

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ២ខ្សែ​រ ស្ថិតក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖  ផ្លូវក្រាលកៅស៊ូចំនួន២ខ្សែប្រវែងសរុប១៣, ៣០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ដែលផ្លូវទី១មានប្រវែង៨,៣០ គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់អូរឫស្សី ទៅកាន់ផ្លូវ​ជាតិ​លេខ៧ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី និងផ្លូវទី២ មានប្រវែង៥គីឡូម៉ែត្រ ភ្ជាប់​ពី​សង្កាត់ក្រគរ ក្រុងក្រចេះ ទៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះ បានធ្វើឡើងដោយ​មាន​ការ​អញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃពុធ ៣រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២។​

លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានឱ្យដឹងថា កំណាត់​ផ្លូវ ២ ខ្សែនេះ សាងសង់ឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាថវិការបស់ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែលត្រូវធ្វើជាចាំបាច់ដើម្បីសម្រួលការធ្វើចរាចរណ៍នៅក្នុងក្រុង និងតភ្ជាប់ពីក្រុ​ងទៅ​ជនបទ។​ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា នេះជា​សមិទ្ធផលថ្មីទៀតក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនដែល ខេត្តក្រចេះកំពុងធ្វើការអភិវឌ្ឍ​ដោយការ​យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ប្រមុខដឹកនាំរាជរដ្ឋាភិបាលតែង តែបានគិតគូរពីសុខ​ទុក្ខ​របស់​បងប្អូនប្រជាពលរដ្ឋ ដឹងសុខទុក្ខ និងការលំបាកប្រជាពលរដ្ឋ និងខិតខំបង្កើនកម្រិត​ជីវភាព​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *