ព័ត៌មានជាតិ

ប្រធានសហព័ន្ធវាយសីជំរុញឱ្យក្រុមជម្រើសជាតិបន្តការខិតខំដើម្បីសម្រួច គោលដៅដណ្តើមមេដាយជូនជាតិ នាស៊ីហ្គេម ២០២៣

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញឱ្យកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចគោលដៅកាន់តែគត់មត់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។ តាមរយៈ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមប្រធានសហព័ន្ធក៏បានជំរុញឱ្យក្រុមជម្រើសជាតិជា១០នាក់ ដែលគ្រោងនឹងចេញដំណើរទៅហ្វឹកហាត់ នៅប្រទេសចិន នាដើមខែក្រោយនេះ ប្រឹងប្រែងហ្វឹកហាត់នេះឱ្យបានល្អ ដើម្បីដណ្តើមមេដាយ នាស៊ីហ្គេម ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម លី កុសល ក៏បានលើកបង្ហាញពីលទ្ធផល ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងមកថ្មីៗនេះថាតើ យើងត្រូវកែប្រែពីចំណុចខ្វះខាតឱ្យទៅជាភាពខ្លាំងក្លាបែបណា ដើម្បីសម្រេចឱ្យជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាពិសេស សន្ទស្សន៍មេដាយមាស១គ្រឿង ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញជាគោលការណ៍។ ឯកឧត្តមក៏ជំរុញឱ្យគ្រូបង្វឹក កីឡាករ កីឡារិនីផ្តល់ការហ្វឹកហាត់ និងហ្វឹកហាត់បែបណា ដើម្បីឲ្យដល់កម្រិតស្តង់ដារ និងឈានដល់ការប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងអាស៊ីអាគ្នេយ៍ ហើយឈ្នះមេដាយជូនជាតិ។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ឯកឧត្តមប្រធានផ្ដោតសំខាន់លើការប្រកួតស៊ីហ្គេម នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២។ មានន័យថា បទពិសោធន៍ក្នុងការប្រកួតស៊ីហ្គេម ដែលចាញ់គេ តើត្រូវធ្វើយ៉ាងម៉េច ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ ម្យ៉ាងទៀត ជំរុញបន្ថែមលើការហ្វឹកហាត់កម្រិតខ្ពស់ ត្រៀមស៊ីហ្គេម ក៏ដូចជាការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ១២នាក់ទៅហ្វឹកហាត់នៅប្រទេសចិន។

តាមគោលការណ៍របស់សហព័ន្ធ ចាប់ពីពេលនេះតទៅ ក្នុង១សប្ដាហ៍ ត្រូវមានការប្រកួតម្ដង ហើយកន្លះខែ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំម្ដង ហើយរៀងរាល់ខែ ថ្នាក់ដឹកនាំនឹងតាមដានការហ្វឹកហាត់ និងការប្រកួតនេះ ដើម្បីធានាបាននូវគុណផលត្រៀមស៊ីហ្គេម។

«ផ្អែកលើបទពិសោធន៍ ខ្ញុំធ្លាប់ដឹកនាំក្រុមចូលរួមប្រកួតស៊ីហ្គេមយុទ្ធសាស្ត្រ នៅវៀតណាមនេះ គឺកីឡាករកីឡាការិនីចេញពីការបណ្ដុះបណ្ដាលថ្នាល។ ខ្ញុំសូមកោតសរសើរការបង្ហាត់របស់ក្រុមការងារគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាពិសេសឡុងពេលបិទខ្ទប់ បើនិយាយពីកម្លាំង អត់ចាញ់គេទេ ប្រកួតអត់ហត់ តតាំងជាមួយគូប្រជែងបាន បច្ចេកទេសយើងមាន តែនៅខ្វះខាតផ្នែកចិត្ដសាស្ដ្រកីឡា។ ចិត្ដសាស្ដ្រកីឡាករ-កីឡាការិនីនៅខ្សោយ បើយើងខិតខំហ្វឹកហាត់ និងពង្រឹងចិត្ដសាស្ដ្រ យើងនឹងអាចទទួលបានលទ្ធផលល្អ នៅស៊ីហ្គេម ឆ្នាំ២០២៣»។

Leave a Reply

Your email address will not be published. Required fields are marked *