ព័ត៌មានជាតិ

ពិធីចុះអនុសារណៈ ដើម្បីសហប្រតិបត្តិការអភិវឌ្ឍនិងផ្លាស់ប្តូរកម្មវិធីសិក្សា

រាជធានីភ្នំពេញ ៖ ដោយទទួលបានសេចក្តីទុកចិត្តពី សាកលវិទ្យាល័យអន្តរជាតិ អាល់ម៉ាទីណះ នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) ដែលជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជាមានស្ថាបនិកជាបញ្ញាវន្តខ្មែរឥស្លាម បានរៀបចំពិធីចុះអនុសារណៈ ដើម្បីសហប្រតិបត្តិការអភិវឌ្ឍនិងផ្លាស់ប្តូរកម្មវិធីសិក្សា។

ពិធីនេះបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ក្រោមវត្តមានថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ ដែលមាន ឯកឧត្តម ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ CUMT, ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការ, ជាមួយលោកបណ្ឌិត ABDULLAH AL-AREFI SAAD នាយកប្រតិបត្តិនៃសាកលវិទ្យាល័យអន្តរជាតិ អាល់ម៉ាទីណះ។

ឯកឧត្តម បណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ CUMT បានមានប្រសាសន៍អោយដឹងថា ពិធីចុះអនុសារណៈបានរៀបចំធ្វើឡើងក្នុងគោលបំណងសហការគ្នាក្នុងការអភិវឌ្ឍ ការផ្លាស់ប្តូរកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការក្នុងការបង្រៀន ការបណ្តុះបណ្តាល ការស្រាវជ្រាវ ជាមួយសកម្មភាពដូចខាងក្រោម៖

-សហការ និងចូលរួមក្នុងកម្មវិធីបង្រៀន និងបណ្តុះបណ្តាល។

-ជំរុញការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបណ្តុះបណ្តាលដែលមានផលប្រយោជន៍ទៅវិញទៅមក។

-ជំរុញការផ្លាស់ប្តូរផ្នែកសម្ភារៈ ខ្លឹមសារ និងព័ត៌មាននៃកម្មវិធីសិក្សា និងការបណ្តុះបណ្តាល។

-ដើម្បីលើកកម្ពស់ និងសម្របសម្រួលការផ្លាស់ប្តូរបុគ្គលិកបង្រៀន ក៏ដូចជាអ្នកចូលរួម;

-ដើម្បីចែករំលែកសកម្មភាពអភិវឌ្ឍន៍ និងទម្រង់នៃកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលត្រូវបានរៀបចំរួមគ្នាដោយសាកលវិទ្យាល័យទាំងពីរ។

ដោយឡែក លោកបណ្ឌិត ABDULLAH AL-AREFI SAADA នាយកប្រតិបត្តិនៃសាកលវិទ្យាល័យអន្តរជាតិ អាល់ម៉ាទីណះ បានសម្តែងអារម្មណ៍សប្បាយរីករាយដែលបានសហការជាមួយសាកលវិទ្យាល័យ CUMT និងថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ ដែលបានខិតខំប្រឹងប្រែងនិងអភិវឌ្ឍន៍សាកលវិទ្យាល័យនេះ។ លោកសង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយអោយសាកលវិទ្យាល័យទាំងពីរមានឱកាសជួយគ្នាទៅវិញទៅមកក្នុងការពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដ។

គួរជម្រាបថា សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា CUMT គឺជាសាកលវិទ្យាល័យដំបូងគេបង្អស់នៅកម្ពុជា ដែលមានស្ថាបនិកជាបញ្ញវន្តខ្មែរឥស្លាមមកពីក្នុងនិងក្រៅប្រទេស ទទួលស្គាល់ដោយរាជរដ្ឋាភិបាល នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ លើមហាវិទ្យាល័យចំនួន៥ គឺ៖ – មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, – មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, – មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, – មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, – និងមហាវិទ្យាល័យអភិវឌ្ឍជនបទ៕

Leave a Reply

Your email address will not be published. Required fields are marked *