ព័ត៌មានជាតិ

ឯកឧត្ដម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តក្រចេះ ចំនួន៤៥០នាក់ ក្នុងឱកាសប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះណាលជាមួយអតីតយុទ្ធជននៅខេត្តក្រចេះ ប្រមាណ៤៥០នាក់ ក្នុងឱកាសប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា កាលពីព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ មានឯកឧត្ដម លោក ជំទាវ ក្នុងគណៈអភិបាលខេត្ត លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជាអតីតយុទ្ធជនក្នុងខេត្តក្រចេះប្រមាណ៤៥០នាក់។

នៅក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជននៅខេត្តក្រចេះនាឱកាសនោះ ឯកឧត្ដមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់ជាអតីត យុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរឱ្យបងប្អូនអតីតយុទ្ធជន យើងទាំងអស់មានសុខភាពល្អ កម្លាំងពលំមាំមួនរស់នៅយូរ អង្វែងជាម្លប់ដល់កូនចៅ។

ឯកឧត្ដមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបញ្ជាក់ថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង និងបានណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ គិតគូរគ្រប់បែប យ៉ាងដល់អតីតយុទ្ធជនរបស់យើង ដោយមិនបំភ្លេចចោលឡើយ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកយកចំណុចសំខាន់ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ដោយសម្ដេចបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជា គំរូល្អក្នុងសង្គមជាតិនិងកូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំង ប្រទេសគ្រប់ជំនាន់ ពិតជាចងចាំជានិច្ចនូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បង ប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕

Leave a Reply

Your email address will not be published. Required fields are marked *