គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានរៀបចំវេទិកាជាមួយប្រព័ន្ធផ្សព្វផ្សាយ ផលិតកម្មទូរទស្សន៍ ពិធីករ-ពិធីការិនី នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជំរុញឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយ បំផ្ទុះការផ្សាយឱ្យកាន់តែខ្លាំងក្លានៃដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ «អាស៊ានប៉ារ៉ាហ្គេម» លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ។
វេទិកាសារព័ត៌នេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC និងក្រោមការរៀបចំរបស់ CAMSOC និងក្រសួងព័ត៌មាន។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា «ការរៀបចំវេទិកាសំណេះសំណាលនេះពិតជាមានសារៈសំខាន់ណាស់ ហើយគោលដៅសំខាន់ គឺចង់ឱ្យអ្នកទាំងអស់គ្នា ក្នុងនាមគ្រួសារតែមួយ ជាអ្នកផ្សព្វផ្សាយព័ត៌មានចូលរួមជំរុញការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌជាតិឱ្យបានកាន់តែសកម្មភាថែមទៀតនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។ ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា ដំណើរការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ គឺនៅសល់ពេលត្រឹម ៣១៦ថ្ងៃទៀត ដែលពេលវេលានេះមិនមែនជាពេលវេលាច្រើនប៉ុន្មាន ប៉ុន្តែក៏វាមិនខ្លីពេកដែរ ដូច្នេះឯកឧត្តមបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយជួយជំរុញបន្ថែមនូវផ្សព្វផ្សាយឱ្យកាន់តែផុសផុលជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានបន្ថែមថា ការងារជំរុញ និងការបញ្ជ្រាបការយល់ដឹងរបស់បណ្តាយផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គួរតែត្រូវបានបង្កើតទៀត តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ។
«សូមឱ្យបណ្ដាសារព័ត៌មានទាំងអស់មេត្ដាជួយដុតដៃដុតជើង ដូចដែលបានជម្រាបជូនក្នុងវេទិកា គឺជួយផ្សព្វផ្សាយដោយស្ម័គ្រចិត្តជួយជំរុញអំពីបញ្ហាអ្វីដែលជាគោលការណ៍ CAMSOC ជាពិសេសគឺជំរុញការផ្សព្វផ្សាយព័ត៌មាននូវយុទ្ធនាការជាតិសំខាន់ៗ ដូចជាប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីជំរុញធ្វើម៉េចឱ្យចូលរួមចលនាកម្ពុជាស្អាត ចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយគ្រឿងញៀន ដូចដែលអាជ្ញាធរគ្រឿងញៀន និងក្រសួងមហាផ្ទៃលោកបានខិតខំធ្វើរៀងរាល់ថ្ងៃនេះ»។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្ដម ថោង ខុន។
ជាមួយគ្នានោះឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ CAMSOC ក៏បានលើកឡើងបន្ថែមទៀតថា យើងត្រូវតែមានការចូលរួមបន្ថែមទៀត ដើម្បីឱ្យកម្ពុជាយើងក្លាយជាគោលដៅមួយស្អាត គោលដៅមួយដែលគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយយ៉ាងច្រើន ជាប្រទេសមួយ ដែលមិនមានឥទ្ធិពលច្រើនពីគ្រោះញៀននេះ។ «ជារួម គឺជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ដោយយកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាឱកាសមួយ សម្រាប់ការអប់រំសង្គម នៅពេលនោះ យើងអាចកត់សម្គាល់ថា នៅពេលស៊ីហ្គេម កម្ពុជាមិនសូវមានបញ្ហាគ្រឿងញៀន ឬគ្រោះថ្នាក់ចរាចរណ៍ទៀតទេ ពិសេសគឺកម្ពុជាកាន់តែស្អាត នៅពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ។ នេះជាបញ្ហាសំខាន់ ដែលយើងត្រូវយកព្រឹត្តិការណ៍នេះ ដើម្បីធ្វើការអប់រំសង្គម និងធ្វើការអភិវឌ្ឍកម្ពុជាយើងឱ្យកាន់តែខ្លាំងក្លាថែមទៀត»។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងថា ដើម្បីរួមចំណែកដល់ដំណើរការផ្សព្វផ្សាយឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សារព័ត៌មានពិតជាមានសារៈសំខាន់បំផុត ក្នុងការរួមគ្នាសម្រេចឱ្យបាននូវគោលដៅការទទួលធ្វើម្ចាស់ផ្ទះនេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏ត្រៀមរៀបចំធ្វើសិក្ខាសាលា ដើម្បីបញ្ជ្របពីគោលដៅចម្បងៗបន្ថែមទៀតដល់អ្នកសារព័ត៌មាន អ្នកអត្ថាធិប្បាយកីឡាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយ CAMSOC កំពុងធ្វើសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក រៀបចំជាសិក្ខាសាលា ដើម្បីផ្តល់ជាចំណេះដឹង និងបទពិសោធន៍ដល់ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ និងអ្នកសរសេរព័ត៌មានកីឡាអាចសរសេរបានព័ត៌មានល្អស៊ីជម្រៅ ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាថ្នាក់តំបន់ទាំងពីរផ្នែក ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្ដមបានអះអាងថា សិក្ខាសាលានេះនឹងត្រូវរៀបចំឡើងនាពេលឆាប់ៗនេះ ដែលនឹងបង្កើតចំណេះជំនាញពីការសរសេរព័ត៌មានទាក់ទងនឹងវិស័យកីឡាឱ្យកាន់តែល្អ។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មានគូសបញ្ជាក់បន្ថែមទៀថា កាលពីមុន គេស្គាល់ប្រទេសកម្ពុជា តាមរយៈអង្គរវត្ត និងប៉ុលពត ប៉ុន្តែឥឡូវនេះ តាមរយៈការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះនឹងបានធ្វើឱ្យមានការផ្លាស់ប្តូរច្រើន តាមរយៈកីឡាដែលបានចេញទៅប្រកួតនៅក្រៅប្រទេស ជាពិសេសគឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ដែរថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងដំណើការជាផ្លូវការពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងដំណើរការពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្ដមបន្ដថា អ្វីដែលសំខាន់ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសុំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយជំរុញបន្ថែម ក្នុងការបញ្ជ្រាបព័ត៌មានជូនដល់ប្រជាពលរដ្ឋ ជាពិសេសគឺកាលបរិច្ឆេតនៃព្រឹត្តិការណ៍កីឡាទាំងពីរ ដោយកាលណាប្រជាពលរដ្ឋយល់ច្បាស់ពីពេលវេលាប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នោះពួកគាត់នឹងអាចរាប់ថយក្រោយនៃរយៈពេលច្បាស់លាស់ ដើម្បីត្រៀមចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំ រួមទាំងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ឱ្យទទួលបានជោគជ័យជាក់ជាមិនខាន។ បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយអាចពន្យល់ពីព្រឹត្តិការណ៍កីឡា ឆ្នាំ២០២៣ គឺជារបស់ប្រជាជនខ្មែរគ្រប់ៗរូប៕