ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង៖ ដំណាក់កាលជំងឺកូវីដ១៩ សមត្ថកិច្ចបង្ក្រាបបទល្មើស គ្រឿងញៀនជាង៧ តោន និងឃាត់ជនសង្ស័យជាង៣ម៉ឺននាក់

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៧តោន និងឃាត់ខ្លួនជនសង្ស័យ បានជាង៣ម៉ឺននាក់។ ការគូសបញ្ជាក់របស់សម្តេចក្រឡាហោមនេះ ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

 

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងដំណាក់កាលនៃការឆ្លង រាលដាលជំងឺកូវីដ-១៩ ដែលខ្លាំងគឺឆ្នាំ២០២០ និងឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តន៍ច្បាប់របស់យើង ស្រាវជ្រាវរកឃើញ និងបង្រ្កាបបាន ១០ ៤៦១ ករណី ក្នុងឆ្នាំ២០២០ និង ៦ ៣០៨ ករណី ក្នុងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២១ ៥៦៦ នាក់ ក្នុងឆ្នាំ២០២០ និងចំនួន ១៣ ៩៧៩ នាក់ ក្នុងឆ្នាំ២០២១ ព្រមទាំងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៣តោន ៨៧៥គីឡូក្រាម ៨៩៨ក្រាម ក្នុងឆ្នាំ២០២០ និងចំនួន ៤តោន ៦៨៩គីឡូក្រាម ៦១១,៤៧ក្រាម ក្នុងឆ្នាំ២០២១។

 

សម្តេចក្រឡាហោមបានបន្តថា បរិមាណគ្រឿងញៀនដែលរឹបអូសបានក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២០ និង២០២១) មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបរិមាណគ្រឿងញៀន ដែលរឹបអូសបានមុនដំណាក់កាលកូវីដ-១៩ (២០១៨ និង២០១៩)។

 

ជាមួយគ្នានោះដែរសម្តេចក្រឡាហោមបានលើកឡើងថា បើទោះបីជាយើងសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈយ៉ាងនេះក៏ដោយ ក៏ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងនៅលើសកលលោក នៅតែគ្មានការថយចុះ ហើយថែមទាំងមានការកើនឡើងគួរឱ្យព្រួយបារម្ភ ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិនៃសង្រ្គាមនៅ អ៊ុយក្រែន ដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។

 

សម្តេចក្រឡាហោមបានបន្ថែមថា ចំពោះកម្ពុជាយើងក៏នៅតែបន្តទទួលរងឥទ្ធិពល និងផលវិបាកនៃវិបត្តិទាំងនេះផងដែរ ដោយកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋគ្រឿងញៀនមិនត្រឹមតែព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជា ប៉ុណ្ណោះទេ ពួកនេះបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀន។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ នៅតែបន្តធ្វើការតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យខាងតែបាន៕

Leave a Reply

Your email address will not be published. Required fields are marked *