ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ចខេត្តកែប ប្រារព្វពិធីអបអរសាទរ ទិវាអតីត យុទ្ធជនកម្ពុជា ២១ មិថុនា

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រារព្វពិធីអបអរសាទរ ទិវាអតីតយទ្ធជនកម្ពុជា ២១ មិថុនា ដែលជាខួបលើកទី១៥ ពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តកែបក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ គណ:អភិបាលខេត្ត កែប និងបានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអតីតយុទ្ធជន សរុបចំនួន ២៧៧ រូប។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្វខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជា ពលរដ្ឋយើងនៅគ្រប់ដំណាក់ កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតនៃទិវាអតីតយុទ្ធជនកម្ពុជានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់អតីតយុទ្ធជន យុទ្ធនារី និងស្ថាប័នពាក់ព័ន្ធ៖ ១-បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។ ២-គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈ ប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេស យុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធនារី។ ៣-ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនា របស់រដ្ឋនិងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធ នឹងវិស័យអតីតយុទ្ធជនអោយសាធារណជនជាតិ និងអន្តរជាតិបានយល់ ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។

 

៤-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជននៅទូទាំងប្រទេស។ ម្យ៉ាងវិញទៀតក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រូសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ ៥-ក្រសួងរៀបចំដែនដី នគរូបនីយយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ ៦-ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទៈការលំបាក។ ៧-សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ ។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនារីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួម ឱ្យបានសកម្មក្នុងចលនាប្រឡង ប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *