ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទទួលបានមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុត សម្រាប់ឥស្សរជនបរទេស

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយការទទួលស្គាល់នូវបេសកកម្មដ៏ចំណាន និងប្រកបដោយកិត្តិយសរបស់ ឯកឧត្តម Christian Berger ជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតសម្រាប់ឥស្សរជនបរទេស ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

 

ឯកឧត្ដមឯកអគ្គរដ្ឋទូត Christian Berger បានសម្តែងនូវមោទកភាព និងសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះការទទួលបានមេដាយសហមេត្រី និងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

 

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានបន្តផ្តល់ជំនួយមកកាន់កម្ពុជា និងបានកោតសរសើរចំពោះសមិទ្ធផលនានាសម្រាប់ប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី ដែលសម្រេចបានក្នុងអាណត្តិរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត Christian Berger នៅកម្ពុជា។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត Christian Berger បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ រួមទាំងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាការរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ ដែលជាសញ្ញាជំរុញទឹកចិត្តក្នុងទិសដៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះនឹងត្រូវបានរក្សា និងពង្រឹងបន្ថែមទៀត។

 

ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីការស្វាគមន៍យ៉ាងកក់ក្តៅ និងជំនួបរវាង ឯកឧត្តម និងលោកជំទាវរដ្ឋមន្រ្តីការបរទេស Annalena Baerbock ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទៅកាន់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលភាគីទាំងពីរបានមានកិច្ចពិភាក្សាយ៉ាងល្អអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួមគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *