ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមខ្នងផ្ទះ ក្នុងស្រុកភ្នំស្រុក

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបន្តដឹកនាំក្រុមការងារកងកម្លាំង ចុះសួរសុខទុក្ខ និងចែកអំណោយស្បៀងអាហារបន្ទាន់ ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀងតាមខ្នងផ្ទះចំនួន ៥០គ្រួសារ នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ដែលកំពុងតែជន់លិចភូមិឋាន ផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់។

 

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានសម្តែងការសោកស្តាយចំពោះបាតុភូត ធម្មជាតិជំនន់ទឹកភ្លៀង ដែលបានកើតមានឡើងលើមូលដ្ឋាន បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ផលដំណាំ របស់បងប្អូនពលរដ្ឋនោះ។

 

ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកើតមានឡើង ត្រូវចូលរួមថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយលេងទឹកក្រែងកើតមានករណីជាយថាហេតុណាមួយកើតមានឡើង ជាពិសេស ប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសទិច ឬខាំជាដើម។ បើមានអ្វីកើតឡើងជាយថាហេតុនោះ សូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំងដើម្បីជួយដោះស្រាយបានទាន់វេលានោះ។

 

យោងរបាយការណ៍រដ្ឋបាលស្រុកភ្នំស្រុកបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅក្នុងស្រុកភ្នំស្រុកនេះ បានធ្វើឱ្យប៉ះពាល់ ដល់៦ឃុំ មានប្រជាពលរដ្ឋចំនួន២៣៧៩គ្រួសារ ស្មើនឹង១០ ៧៧៤នាក់ ជម្លៀសទៅកាន់ ទីទួលសុវត្ថិភាពចំនួន២០០គ្រួសារ, ប៉ះពាល់ដំណាំស្រូវ១៣៨៤១ហិកតា, ដំឡូងមី៨៨០ ហិកតា, សាលារៀន១៧កន្លែង,វត្ត៥កន្លែង, មណ្ឌលសុខភាព១កន្លែង និងផ្លូវ៦៤កន្លែង ប្រវែង៤៨៧០៥ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *