ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

ព្រះសីហនុ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នារសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ នៅសាលា ខេត្តព្រះសីហនុ ដោយមាការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា យើងបានរៀបចំ អនុគណៈកម្មការនីមួយៗក្នុងការទទួលខុសត្រូវរៀបចំផែនការ សកម្មភាពតាម ផែននីមួយៗ ហើយចំណុចអ្វីខ្លះដែលមានបញ្ហាប្រឈម ដើម្បីយើងលើកយក មកពិនិត្យរួមគ្នាធ្វើការ ដោះស្រាយឱ្យបានសមស្រប។ ត្រៀមលក្ខណៈក្នុងការចូលរួមរៀបចំតុបតែងកែលម្អនៅ តាមទីតាំងនីមួយៗមានដូចជា តាមលំនៅឋានជាដើម ដូច្នេះយើងត្រូវចលនាបងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់រៀបចំដាក់តាំង កែលម្អលើកកម្ពស់សោភណភាព បរិស្ថានឱ្យកាន់តែមានភាពស្រស់ស្អាត។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋ ត្រូវតាម ដានវាយតម្លៃនៃការតុបតែង ម្យ៉ាងទៀតត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋដោយស្មារតី ទទួលខុសត្រូវ។ ក្រុង ស្រុកធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេច ក្តីណែនាំជូន ដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរៀបចំតុបតែងកែលម្អនៅតាមមុខលំនៅឋានរៀងៗខ្លួន ដើម្បីត្រៀមទទួលស្វាគមន៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នៅដើម ខែធ្នូ ឆ្នាំ២០២២ខាងមុខឱ្យទទួលបានលទ្ធផលល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *