ព័ត៌មានជាតិ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប !

កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំ។ ថ្លែងបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី មកចូលរួមក្នុងកិច្ចប្រជុំជារូបវន្ត័នាពេលនេះ និងបានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែនេះ នៅក្នុងការដោះស្រាយកង្វល់រួម ផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា៖ ទាំងអស់នេះគឺពិតជាឆ្លុះបញ្ចាំងអំពីស្មារតី នៃការស្ថិតនៅជាមួយគ្នា បរិយាប័ន្ន ការបើកចំហរ និងការសំឡឹងមើលទៅខាងក្រៅ របស់អាស៊ាន។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ និងវិធានការទាំងឡាយ ដែលបានព្រមព្រៀង និងអនុម័ត នៅក្នុងកិច្ចប្រជុំនោះ ជាពិសេសសេចក្តីថ្លែងការនៃចក្ខុវិស័យ មេដឹកនាំអាស៊ាន ស្តីពីអាស៊ានអាក់ត៍ (ASEAN A.C.T.) សេចក្តីថ្លែងការរបស់មេដឹកនាំអាស៊ាន ស្តីពីចក្ខុវិស័យនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥ ព្រមទាំងវិធានការផ្សេងៗ មួយចំនួនទៀត ដែលពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងសមាជិកភាពរបស់ទីម័រខាងកើត។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ក្នុងរយ:ពេល ១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជាវេទិកាដ៏មានសារប្រយោជន៍ សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។ ខណ:ពេលដែលតំបន់របស់យើងបាននឹងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ-១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើយ។ ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី ជាមួយអ៊ុយក្រែន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល។

 

សម្តេចពិជ័យសេនា លើកឡើងផងដែរ អំពីបញ្ហាប្រឈម និងគំរាមកំហែង ដល់សន្តិសុខ និងភាពសុខដុមរមនានៅក្នុងតំបន់ និងប្រជាជន។ សម្តេច បញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។ បញ្ហាប្រឈមទាំងអស់នេះ បង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯងបានទេ។ ទោះបីជាមានការលូតលាស់ទៅមុខជាច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់យើងក៏ដោយ យើងក៏នៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីជាច្រើនទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឱ្យយើងនូវឱកាសមួយ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សន: និងស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមវិធីសាស្រ្ត ដែលមានប្រសិទ្ធភាពបំផុត។ កិច្ចប្រជុំនៅថ្ងៃនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រធាន ADMM ជាបន្តបន្ទាប់ ក្នុងការបង្កើតឬរៀបចំរបៀបវារ: ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងលឿននៃស្ថានភាពសន្តិសុខអន្តរជាតិ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះឯកភាព និងមជ្ឈភាពអាស៊ាន និងការធានាបានថា ADMM នៅតែជាកម្លាំងចលករនៅគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ សូមជំរាបថា៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) ចាប់ផ្តើមពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតល្មួត របស់ ADMM ដែលជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេស ក្តីកង្វល់លើសន្តិសុខមិនមែនជាប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល៕

Leave a Reply

Your email address will not be published. Required fields are marked *