ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទបានបិទស្ងប់ស្ងាត់មួយរយៈខ្លី មានបុគ្គលឈ្មោះ(តាវែង)បាន ចាប់ផ្តើមបើកទីតាំងល្បែងស៊ីសងបញ្ជល់មាន់ដ៏ធំ កំពុងល្បីកក្រើកឡើងវិញ ស្ថិតនៅចំណុចបុរីជ័យជំនះ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ខណៈមន្ត្រីពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ខេត្ត/ក្រុង ត្រូវបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ចំពោះអាជ្ញាធរស្រុក/ក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ នោះសមត្ថកិច្ចមូលដ្ឋានទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងថែមទៀតផង។
ប្រជាពលរដ្ឋនៅតំបន់ជិតទីតាំង បានសំណូមពរដល់លោក អ៊ុក ប៊ុននីន អធិការខណ្ឌមានជ័យ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបនល្បែងខាងលើនេះផង ដែលពួកគេកំពុងតែផ្គើននឹង បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕