ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតាមតំបន់ឆ្នេរ និងកោះ

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតំបន់ឆ្នេរ កោះ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាក់ទាញទេសចរបន្ថែមក្នុងដំណាក់កាលស្ដារ វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេ នៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញក្រុមការងារបច្ចេកទេស ត្រូវរៀប ចំឱ្យមានទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោល ដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យនោះ ភ្ញៀវទេសចរអន្តរជាតិជាង១២០នាក់ នឹងទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលរំពឹងថា នឹងជួយទាក់ទាញ បាននូវភ្ញៀវទេសចរកាន់តែច្រើនទៅលេងតំបន់ឆ្នេរប្រណិតរបស់កម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារៈសំខាន់ថា «ក្នុងដំណាក់កាលស្ដារ វិស័យ ទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍ អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរ បានច្រើន»។

ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។

ឯកឧត្ដម ជុក ជំនោរ បានបន្តថា ប្រតិភូដែលបានបញ្ជាក់ថា នឹងចូលរួមក្នុងសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុង តំបន់សមុទ្រការីបង់ (Caribbean Sea)។

តាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឱ្យដឹងថា ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកានេះ មានចំនួន ១៨ម៉ឺននាក់ កើនឡើង ៩ភាគរយ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ១៧ម៉ឺននាក់ កើនឡើង ១០ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៥ពាន់នាក់ ថយចុះជិត២ភាគរយ។

ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានជិត ២ពាន់នាក់ ថយចុះជិត ១ភាគរយ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៨០០នាក់ ថយចុះ ៩ភាគរយ និងភ្ញៀវបរទេស មានប្រមាណ ១ពាន់នាក់ កើនឡើង ៧ភាគរយ។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាន នានាមានប្រមាណ ១៧ម៉ឺននាក់ កើនឡើង ៩ភាគរយ ក្នុងនោះភ្ញៀវជាតិ ១៧ម៉ឺននាក់ កើនឡើង ១០ភាគរយ និង ភ្ញៀវបរទេសមានប្រមាណ ៣ពាន់នាក់ ថយចុះ ៤ភាគរយ៕

Leave a Reply

Your email address will not be published. Required fields are marked *