ព័ត៌មានជាតិ

ប្រកាសបិទការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ គរុគុណ លើកទី២ ឆ្នាំ២០២២

ប្រកាសបិទការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ គរុគុណ លើកទី២ ឆ្នាំ២០២២

ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៧វិញ្ញាសា។

យោងតាមគណៈកម្មការបច្ចេកទេសប្រកួតបានឱ្យដឹងថា វិញ្ញាសាទាំង៧នេះ គឺក្លឹបយោធភូមិភាគពិសេសឈរលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស១ និងប្រាក់១គ្រឿង, ក្លឹបមជ្ឈមណ្ឌលខេមរៈភូមិន្ទ មេដាយមាស១ សំរឹទ្ធ១, ក្លឹបកងយោធពលខេមរៈភូមិន្ទ មេដាយមាស១ សំរឹទ្ធ១, ក្លឹបកំពង់សំណាញ់ខេត្តកណ្តាល មេដាយមាស១, ក្លឹបទីស្តីការគណៈរដ្ឋមន្រ្តី មេដាយមាស១ , ក្លឹបសេនារាជសីអគ្គស្នងការ មេដាយមាស១ ខណៈក្លឹបឥន្ទ្រីយ៍អប់រំ ស.ស.យ.ក ស្រុកថ្មគោល ស្របពេលដែល១០ ក្លឹបផ្សេងទៀតដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ដោយឈរតាមចំណាត់ថ្នាក់ជាបន្តបន្ទាប់។

ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ រៀបចំឡើងដើម្បីរម្លឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេ ដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមប្រធានសហព័ន្ធគូសបញ្ជាក់ថា គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុប មានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស ១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេ នៅទូទាំងពិភពលោក។

ចំពោះការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត។

គួរបញ្ជាក់ថា ចំពោះពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីទទួលបានការផ្តល់កិត្តិយសពីឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *