ព័ត៌មានជាតិ

គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ បានកើនដល់ជាង ២ ៥០០ គម្រោង

គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ បានកើនដល់ជាង ២ ៥០០ គម្រោង

គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ បានកើនដល់ ជាង២ ៥០០ គម្រោង ខណៈគម្រោងបុរីមានជាង៥០០ទីតាំង ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តន៍ឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៥៣៤ អគារ ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន ១ ៦៧៥ អគារ ខេត្តព្រះសីហនុ ចំនួន ៦៨៥ អគារ នៅខេត្តបន្ទាយមានជ័យចំនួន ១៣១អគារ និងផ្សេងៗ ចំនួន៤៣អគារ។ ក្នុងចំណោមអគារខ្ពស់ៗទាំងនោះ គឺអគារដែលមានកម្ពស់ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួនសរុប ១ ៤២៣ អគារ, អគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦៩៩អគារ, អគារចាប់ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១២៩អគារ, អគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ សម្រាប់គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៥១០ គម្រោង។ ដោយឡែកគិតពីឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ អគារផ្ទះល្វែងមានជិត៩ម៉ឺនខ្នង និងអគារស្នាក់នៅរួមមានជាង ៤៣០គម្រោង។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញឱ្យឃើញថា វិស័យសំណង់ និងអចលនវត្ថុ មានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ហើយនៅឆ្នាំ២០២២ក៏បានព្យាករណ៍ថា វិស័យសំណង់ នឹងមានការកើនឡើង៥.៤ភាគរយ រីឯវិស័យអចលនទ្រព្យកើន៤.១ភាគរយ ហើយវិស័យទាំងពីរនេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។

បើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកអចលនទ្រព្យបានឱ្យដឹងថា ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នឹងមានកំណើនឡើងវិញ ហើយក៏នឹងអាចផ្ដល់ការងារ ឲ្យប្រជាពលរដ្ឋមានការងារធ្វើ រហូតដល់រាប់សិបម៉ឺននាក់ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិ ឱ្យមានចរន្តការឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) បានគូសបញ្ជាក់ថា វិនិយោគិនចិន អាចនឹងសំឡឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្ដានុពលមួយចំនួនផ្សេងទៀត ហើយតាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើន នៅចុងឆ្នាំ២០២២នេះ។ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ទៀតថា ស្ថានភាពទិញលក់អចលនទ្រព្យនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ស្ថានភាពទិញលក់ បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ។ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជានៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

គួរបញ្ជាក់ដែរថា វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយ ក្នុងឆ្នាំ២០២៣ ហើយការរំពឹងងើបឡើងវិញនេះ បានមកពីការចូលរួមនៃរំហូរទុនវិនិយោគពីបរទេស ខណៈឆមាសទី១ដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនដល់ជាង១ពាន់លានដុល្លារ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *