ក្រុមហ៊ុននំស្រួលលីលី នឹងឈានជើងចូលទីផ្សារមូលបត្រនាដើមឆ្នាំក្រោយ ជាមួយ នឹងការបោះលក់ IPO ជាលើកដំបូងក្នុងផ្សារហ៊ុន ដោយជំហានដំបូងគ្រោងបោះផ្សាយលក់ ភាគហ៊ុនប្រមាណ១០ភាគរយ នៃភាគហ៊ុនសរុបរបស់ខ្លួន។
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា តាមរយៈការចូលក្នុងផ្សារមូលបត្រនេះដែរ ក្រុមហ៊ុននឹងអាចជួយជំរុញ និងចែក ចាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការទិញ – លក់ផ្សារភាគហ៊ុននេះផង ដែរ។ ក្រុមហ៊ុន បានត្រៀមខ្លូនរួចជាស្រេច ដោយគម្រោងចូលរួមបោះផ្សាយលក់មូលបត្រ ដំបូង គឺគ្រោងបោះផ្សាយលក់ភាគហ៊ុនប្រមាណចំនួន១០ ភាគរយនៃភាគហ៊ុនសរុប។ ប្រសិនបើ ដំណើរការរលូន និងជោគជ័យ ក្រុមហ៊ុនក៏នឹងបន្តការពង្រើកការបោះផ្សាយ បន្ថែមទៀត។
លោកជំទាវបញ្ជាក់ថា ការឈានជើងចូលរួមការបោះផ្សាយលក់មូលបត្រជា សាធារណៈលើកដំបូង ឬហៅថា IPOនេះ គឺជាឱកាសមួយដែលក្រុមហ៊ុន មានគម្រោងផែន ការអភិវឌ្ឍក្រុមហ៊ុន លីលីហ្វូត ឱ្យកាន់តែរីកធំបន្ថែមទៀត និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ កម្ពុជា មានសិទ្ធិចូលរួមចំណែកក្នុងការវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុនលីលីហ្វូតផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករ មូលបត្រកម្ពុជាបានឱ្យដឹងថា ការឈានជើងចូលរបស់ក្រុមហ៊ុនក្នុងស្រុក ឬវិស័យSMEs នៅក្នុងផ្សារហ៊ុនកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ជាដំណាក់កាលមួយ ដែល ក្រុមហ៊ុនចាប់ផ្តើមការរៀបចំខ្លួនរួចរាល់ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមក្នុងទីផ្សារ។ បើគ្មានអ្វីប្រែប្រួលទេ ក្នុងឆមាសទី១នេះ ក្រុមហ៊ុនឯកជនជាបន្តបន្ទាប់ នឹងមានវត្តមានក្នុង ទីផ្សារមូលបត្រកម្ពុជា រួមទាំងក្រុមហ៊ុន លីលីហ្វូត។
គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១៦ក្រុមហ៊ុន ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុន ចុះបញ្ជីលក់ សញ្ញាប័ណ្ណ ឬប័ណ្ណបំណុល។
គួររំលឹកដែរថា ផ្សារមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយមានការ ចូលរួមទុនរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា សូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយ ក៏ដូចជាស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នា បន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ៕