ផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការ
សាងសង់ និងកែលម្អ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ និងក៏ដើម្បីសម្រួលដល់ការធ្វើ ចរាចរណ៍ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ខណៈដែលនៅសល់ប្រមាណ១០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមនេះនឹងឈានមកដល់។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាពេលវេលាមួយដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ ហើយជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំការងារមួយចំណែកផងដែរទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុង ចាក់កៅស៊ូឡើងវិញលើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូល ព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកបញ្ជាក់ថា ការដ្ឋានផ្លូវជាតិលេខ៦សម្រេចលទ្ធផលបាន៨០%ហើយ។ ការងារមួយទៀត គឺកែលម្អ មហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អ ទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗ ជាច្រើន។ បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែមដើម្បីឱ្យផ្លូវមានភាពងាយស្រួល ដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពស័ក្តិសមជាទីតាំង ដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ។
លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មី ទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាង កើត បែកខ្នែងជា២ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវ សម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយ សម្រេចការសាងសង់បាន៨៥%ហើយ នៅសល់ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋបន្តិច បន្តួច ប៉ុណ្ណោះ៕