លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកឱ្យជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា (Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ជាមួយនឹងការប្ញេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឲ្យការអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន និងពេញនិយមនៅកម្ពុជា។
ការជាប់ឆ្នោតរបស់លោក ឆែម តារា ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩-ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣-ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គយកដ្ឋានកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាគណៈអធិបតី។
ក្នុងនាមប្រធានអាណត្តិថ្មី លោក ឆែម តារា បានបង្ហាញការតាំងចិត្តខ្ពស់យ៉ាងដូច្នេះថា «ខ្ញុំពិតជាសប្បាយចិត្តជាក្រៃលែង ដែលត្រូវបានអង្គមហាសន្និបាត ដែលមានសមាជិកទាំង៤៨រូប បានបោះឆ្នោតជ្រើសរើសឱ្យមានគណៈកម្មាធិការប្រតិបត្តិ៩រូប និងបានបោះឆ្នោតជ្រើសតាំងឱ្យជាប់ជាប្រធានសហព័ន្ធកីឡាបេសប្បលកម្ពុជា នាពេលនេះ»។
លោក ឆែម តារាង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំដឹកនាំ ព្រមទាំងចងមិត្តភាពសហការជាមួយមិត្តភក្ដិបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យបេស្បលកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ ក្នុងឆន្ទៈរួមគ្នាលើកកម្ពស់បន្ថែមដល់ការជំរុញឱ្យវិស័យកីឡាបេស្បលកម្ពុជាមានការរីកចម្រើនកាន់តែល្អប្រសើរ និងកាន់តែមានប្រជាប្រិយភាពខ្ពស់ ជាពិសេសកសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញទាំងថ្នាក់ជាតិ និងឆាកអន្តរជាតិ៕