ទីតាំងល្បែងស៊ីសងតាមអនឡាញ មួយកន្លែងកំពុងប្រកប របរយ៉ាងសមប្រកបនៅ ក្នុងទឹកដីភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយហេតុថា អាជ្ញាធរមូលដ្ឋានខ្វះធនធាន ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព
តើម្ចាស់ទីតាំងល្បែងស៊ីសងអនឡាញនៅក្នុងមូលដ្ឋាន ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលនរណា ទើបហ៊ានបើកល្បែងស៊ីសងជាច្រើនទីតាំង រីកដូចផ្សិតយ៉ាងដូច្នេះ?
ប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជិតទីតាំងល្បែងស៊ីសងមួយកន្លែង បានឱ្យភ្នាក់ងារសារព័ត៌មានគេហទំព័រ ពន្លឺនិរតី យើងដឹងថា នៅជិតៗផ្ទះរបស់គាត់សព្វថ្ងៃនេះ មិនដឹងថាជាអ្នកមានលុយ មានអំណាចមកពីណា បានចាប់ផ្តើមបើកល្បែងស៊ីសងតាមទូរទស្សន៍ ជាពិសេសនោះគឺបញ្ជល់មាន់ និងឡូតូ សឹងគ្រប់ហាងកាហ្វេនៅក្នុងស្រុកទៅហើយ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាមកចុះចាប់ ឬទប់ស្កាត់នោះឡើយ ។ គាត់បន្ថែមទៀតថា បច្ចុប្បន្ននេះ អ្នកភូមិចាប់ផ្តើមបាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ដោយសារករណីចោរកម្ម និងឃើញមានការឈ្លោះប្រកែកគ្នាជាញឹកញយ ដោយសារតែរឿងលុយកាក់ដែលបានចាញ់នៅក្នុងវង់ល្បែង។
តើច្បាប់នៃការបង្ក្រាបល្បែងស៊ីសងបង្កើតឡើងដើម្បីអ្វី? ច្បាប់នៃការបង្ក្រាបល្បែងស៊ីសងដូចជាមិនឥទ្ធិពលសោះខណៈដែលសមត្ថកិច្ចខ្លះបង្ក្រាបចាប់ជនសង្ស័យដែលលេងល្បែងស៊ីសងខុសច្បាប់ហើយ ផ្គើននឹងបទបញ្ជារបស់សម្តេចតេជោទៀតហើយក៏ដោះលែងទៅវិញ។
ដោយឡែកពេលនេះល្បែងស៊ីងសង Online កំពុងលេងយ៉ាងរំភើយ ដូចគ្មានរឿងអ្វីសោះឡើយ ខណ:កន្លែងខ្លះសមត្ថកិច្ចទើបតែចុះព្រមានណែនាំ តែនៅដំណើរការដដែល មិនដឹងមកពីមូលហេតុអ្វី ។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងស៊ីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់ពន្ធធនាគារពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់ពន្ធធនាគារ ពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធធនាគារ ខាងលើជាអតិបរមា។ ព្រមទាំងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង…..
ដូច្នេះហើយ ពួកគាត់សុំណូមពរឱ្យអាជ្ញាធរមូលដ្ឋានដូចជាកម្លាំង ប៉ុស្តិ៍នគរបាល ក៏ដូចជាអធិការដ្ឋាននគរបាលស្រុក មេត្តាប្រើប្រាស់ធនធាន ដើម្បីបង្ក្រាបបទល្មើសទាំងអស់នេះឱ្យមានប្រសិទ្ធិភាព និងជាពិសេសគឺលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងអនុវត្តច្បាប់ពិសេសជួយពិនិត្យសកម្មភាពក្នុងមូលដ្ឋានមួយនេះផង