ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសស្វាគមន៍ និងអបអរចំពោះការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ

សហរដ្ឋអាមេរិក ប្រកាសស្វាគមន៍ និងអបអរចំពោះការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ

សហរដ្ឋអាមេរិកបានប្រកាសស្វាគមន៍ និងសូមចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេសដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរនៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ នៃរូបចម្លាក់អស់ទាំងនេះនិងរូបចម្លាក់ដទៃទៀតតំណាងឱ្យការខិតខំប្រឹងប្រែងជាទូទៅ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌សកលលោក ដូចជាការសហការគ្នានៃក្រសួងការបរទេសអាម៉េរិក ក្រសួងយុត្តិធម៌អាម៉េរិក និងផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

បើតាមស្ថានទូតអាម៉េរិក អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយដៃគូក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ បានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះ គឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកមានមោទនភាពចំពោះការគាំទ្រយូរអង្វែងរបស់ខ្លួន ចំពោះការជួសជុល និងការការពារទីតាំងប្រវត្តិសាស្រ្តដែលមានសារៈសំខាន់ជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា និងការគាំទ្ររបស់ខ្លួនចំពោះការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃ។ ការខិតខំរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងផ្នែកពាក់ព័ន្ធខាងកម្ពុជា នឹងជួយស្តារឡើងវិញ នូវដួងព្រលឹងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា»។

សូមជម្រាបជូនថា តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ សម្រាប់ការងារអភិរក្សវប្បធម៌ នៅប្រទេសកម្ពុជាដូចជាការងារអភិរក្សប្រាសាទដែលត្រូវបានកសាងនាសតវត្សរ៍ទី ៩ មានប្រាសាទភ្នំបាខែងនៅឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *