ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣ បានរៀបចំកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា (Sector Policy Dialogue) ជាមួយដៃគូអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យអភិវឌ្ឍន៍ជំនាញ,វិស័យអប់រំ, វិស័យ ថាមពល, និងវិស័យកសិកម្ម។ កិច្ចសន្ទនាគោលនយោបាយតាមវិស័យនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន, រដ្ឋបាល ថ្នាក់ក្រោមជាតិ, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគម, សភាពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៥ ឬជាឆ្នាំចុងក្រោយនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ហើយក៏ជាឆ្នាំដែលដៃគូអភិវឌ្ឍន៍ត្រូវចាប់ផ្តើមគិតគូរឡើងវិញ អំពីក្របខណ្ឌយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកម្ពុជា សម្រាប់រយៈពេលពី៣ ទៅ៥ ឆ្នាំខាងមុខទៀតផងដែរ។
ដូចនេះ កិច្ចសន្ទនារបស់យើងនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយយើងអាចធ្វើការបូកសរុបរួមគ្នា អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ ឆ្នាំកន្លងមក និងដូចជាដើម្បីរួមគ្នាវាយតម្លៃអំពីស្ថានភាព និងបញ្ហាប្រឈមនានាផងដែរ ក្នុងគោលដៅប្រមូលធាតុចូល ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលកម្ពុជារៀបចំនូវក្របខណ្ឌផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់រយៈពេល ៥ឆ្នាំ បន្តទៅមុខទៀត ហើយដៃគូអភិវឌ្ឍន៍របស់យើង ក៏អាចរៀបចំនូវក្របខណ្ឌយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សម្រាប់រយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀតដោយផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្របខណ្ឌយុទ្ធសាស្ត្រ ឬរបៀបវារៈគោលនយោបាយរបស់ស្ថាប័នខ្លួនផងដែរ។
ឯកឧត្តមបានបន្តថា ដូចនេះ កិច្ចសន្ទនាគោលនយោបាយរបស់យើងនាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ អាចផ្លាស់ប្តូរមតិគ្នា, រៀនសូត្រពីគ្នា, និងតម្រង់ទិសគ្នាទៅវិញទៅមក ដើម្បីតម្រង់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែចំគោលដៅ និងកាន់តែមានប្រសិទ្ធភាព ហើយអាចបង្កើនបាននូវថាមភាព (Synergy) រវាងដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ដើម្បីជួយទ្រទ្រង់ដល់កិច្ចអភិវឌ្ឍកម្ពុជា ឱ្យទទួលបាននូវកំណើនខ្ពស់ ប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ក៏ដូចជាចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា នៅក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវកំណាត់ផ្លូវមួយដ៏លំបាក និងរដេបរដុប ដែលយើងអាចធ្វើការបែងចែកជា ៣ ដំណាក់កាល គឺ៖ (១).ដំណាក់កាលទី១ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ គឺជាឆ្នាំដែលកម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចរឹងមាំ និងក្នុងកម្រិតមួយដ៏ខ្ពស់ប្រមាណជាង ៧%។ ទន្ទឹមនេះ, ការប្រមូលចំណូលថវិកា ក៏សម្រេចបានក្នុងអត្រាកំណើនមួយដ៏ខ្ពស់ និងប្រកបដោយចិរភាពផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាលសើ្ទតែមិនចាំបាច់ប្រើប្រាស់នូវប្រភពហិរញ្ញប្បទានពីខាងក្រៅប្រទេស និងអាចសន្សំបាននូវថវិកាបម្រុងទុក ក្នុងកម្រិតមួយសមស្រប (២).ដំណាក់កាលទី២ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ គឺជាឆ្នាំនៃវិបត្តិដ៏ធំមួយបណ្តាលមកពីជំងឺកូវីដ-១៩។ វិបត្តិនៃជំងឺនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះពីប្រមាណជាង ៧% ក្នុងឆ្នាំ២០១៩ រហូតដល់ -៣,១% ក្នុងឆ្នាំ២០២០។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏កម្ពុជាបានទប់ទល់ និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អ ដោយសារការសម្រេចបាននូវមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក និងដោយសារសមត្ថភាពដឹកនាំដ៏ប៉ិនប្រសព្វ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីបុរេសកម្ម ដោយមានការចូលរួមពីគ្រប់តួអង្គ និងដៃគូពាក់ព័ន្ធ។ ក៏ប៉ុន្តែក្នុងឆ្នាំ២០២២ យើងត្រូវជួបនឹងវិបត្តិថ្មីមួយទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលបានដាក់បន្ទុកបន្ថែម ខណៈដែលស្លាកស្នាមដែលបន្សល់ទុកដោយវិបត្តិនៃជំងឺកូវីដ-១៩ មានលក្ខណៈជ្រាលជ្រៅ និងនៅមិនទាន់ដោះស្រាយចប់ទាំងស្រុងនៅឡើយ ទាំងនៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក និង (៣).ដំណាក់កាលទី៣ ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា នៅលើគន្លងនៃកំណើនខ្ពស់ឡើងវិញ។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បាននិងកំពុងធ្វើឱ្យមានការបែកបាក់ជាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្កឱ្យមានសម្ពាធអតិផរណា និងអាចនាំទៅដល់វិបត្តិផ្សេងៗទៀត ហើយអាចឈានទៅដល់សភាពការណ៍មួយដែលយើងស្មានមិនដល់។ ទន្ទឹមនេះ បញ្ហាអាកាសធាតុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបានបង្ហាញច្បាស់ថា ពិភពលោកមិនអាចគេចរួច ពីផលប៉ះពាល់អាក្រក់ដែលបណ្តាកមកពីបញ្ហាអាកាសធាតុនេះទេ ហើយបើយើងមិនរួមគ្នាដោះស្រាយពីឥឡូវទេ គឺទៅថ្ងៃមុខទៀតនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត។ក៏ប៉ុន្តែកម្លាំងរបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ កាន់តែទន់ខ្សោយទៅៗ ដោយសារតែពិភពលោកកំពុងតែបែកបាក់គ្នា ហើយយើងមិនអាចប៉ាន់ស្មានបានថា តើទម្ងន់នៃផលអវិជ្ជមានទាំងនេះធ្ងន់ប៉ុនណានោះទេ។ ដោយឡែកសម្រាប់កម្ពុជា ក៏មិនអាចគេចផុតពីផលប៉ះពាល់ទាំងនោះដែរ ព្រោះយើងជាប្រទេសមានការបើកចំហខ្លាំង។
គួរបញ្ជាក់ដែរថា កិច្ចសន្ទនាគោលនយោបាយតាមវិស័យនេះបានប្រព្រឹត្តិទៅពេញមួយថ្ងៃហើយអង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់លើស្ថានភាព, សមិទ្ធផល, បញ្ហាប្រឈមនិងអនុសាសន៍គោលនយោបាយលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យអភិវឌ្ឍន៍ជំនាញ, វិស័យអប់រំ, វិស័យថាមពល, និងវិស័យកសិកម្ម៕