ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ក្រោមប្រធានបទ(រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០) ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានរាយការណ៍ពីសកម្មភាពមួយចំនួនរបស់ស្រុកគឺ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ព្រមទាំងការចង្អុលបង្ហាញ ជូនអនុសាសន៍ល្អៗរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ ព្រមទាំងការដឹកនាំបញ្ហាផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយផ្តោតសំខាន់ទៅលើបញ្ហា អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានជំរុញឲ្យរដ្ឋបាលស្រុកសន្ទុក បានពុះពារដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យមានលក្ខណៈល្អប្រសើរ។
ថ្លៃនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល រួមជាមួយការប្ដេជ្ញាចិត្តដ៏មោះមុត របស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិដែលមានបណ្តាញគ្របដណ្តប់ទូទាំងប្រទេសនឹងបន្ត ព្រមទាំងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនស្តី យុវវ័យ នៅតាមសហគមន៍ ជនបទ ឱ្យបានកាន់តែទូលលំទូលាយថែមទៀត ស្តីពីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ អាហារូបត្ថម្ភ រួមទាំងសុខភាពសាធារណៈរបស់មនុស្សគ្រប់រូប។ កត្តាគន្លឹះដ៏សំខាន់មួយទៀត ដែលនឹងជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបានគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺការចូលរួម ពីបង-ប្អូនរួមជាតិទាំងអស់ ក្នុងការទៅទទួលយកសេវាសុខាភិបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធានាបានគុណភាព និងសុវត្ថិភាព។
ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេទាំងអស់ ត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ហូរ/ព្យាបាលទាំងអស់ពិសេសការស្ម័គ្រចិត្ត ធ្វើរកតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្តាយទៅកូន។ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
គួរបញ្ជាក់ផងដែលថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ ព្រមទាំងចាស់ជរាគ្មានទីពឹង និងស្រ្តីមេមាយសរុបចំនួន១០៣គ្រួសារ ចំពោះស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេមានចំនួន៥២គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷សារុង មុងកូង៉ែត កន្សែងពោះគោ ម្សៅលាបខ្លួន សាប៊ូកក់សក់ ស្រោមដៃ ស្រោមជើង ស្ករស ទឹកដោះគោ អង្ករ មីជាតិ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ និងថវិកា៥០,០០០រៀល។ ចាស់ជរាគ្មានទីពឹង និងស្រ្តីមេមាយចំនួន៥១គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ មីជាតិ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ។