លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងលោក លី ហុយ តំណាងអង្គការ one to one នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត១០០គ្រួសារ ដែលអញ្ជើញមកពី០៥ភូមិ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ លោក លី ហុយ តំណាងអង្គការ one to one បានលើកឡើងថា ស្រុកប្រាសាទសំបូរ ជាស្រុកមួយដែលរងគ្រោះដោយសារទឹកជំនន់នៅរដូវវស្សា បានធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនជួបការលំបាក និងខ្វះខាតមិនអាចទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន។ អាស្រ័យហេតុនេះហើយក្រុមការងាររបស់អង្គការ បានរៀបចំគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតផងដែរ ។ លោកអភិបាលស្រុកប្រាសាទសំបូរ ឃីម សុខឃាងបានថ្លែងថា កត្តាមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ គឺគ្រោះធម្មជាតិ មានទឹកជំនន់ ខ្យល់កន្ត្រាក់រន្ទះបាញ់ អគ្គីភ័យកើតឡើងជាបន្តបន្ទាប់ធ្វើឱ្យពួកគាត់ផ្លាស់ទីមករស់នៅទីទួលសុវត្ថិភាពនៅរដូវវស្សា។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋអស់មួយចំនួនធំ ទាំងអស់នេះហើយធ្វើឲ្យជីភាពរស់នៅរបស់គាត់ជួបបញ្ហាជាច្រើនលើកជាច្រើនសារ។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរក៏បានថ្លែងអំណរគុណដល់លោក លី ហុយ តំណាងអង្គការ one to one ដែលបានជួយឧបត្ថម្ភជាសម្ភារៈ ដើម្បីជួយដល់គ្រួសារងាយរងគ្រោះក្នុងការដោះស្រាយជីវភាពបានមួយកម្រិត។ សូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវវស្សាមានភ្លៀង ខ្យល់កន្ត្រាក់ លាយឡំ និងផ្គររន្ទះ ការពារកុំឱ្យមានបញ្ហាដល់អាយុជីវិតមនុស្ស និងសត្វ ។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការone to one ដែលផ្ដល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន១០០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកក្រូច និងអាហារបំប៉នផងដែរ។