ព័ត៌មានជាតិ

ឯកឧត្ដមឃួង ស្រេង ជំរុញដល់មន្ត្រីនៅថ្នាក់មូលដ្ឋានទូទាំង១០៥ សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពល រដ្ឋឱ្យបានល្អ

ឯកឧត្ដមឃួង ស្រេង ជំរុញដល់មន្ត្រីនៅថ្នាក់មូលដ្ឋានទូទាំង១០៥ សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពល រដ្ឋឱ្យបានល្អ

ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋានទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទាន់ពេលវេលានិងមានប្រសិទ្ធ ភាព ពិសេសកុំប៉ះពាល់លុយកាក់ពីប្រជាពលរដ្ឋរត់ក្រៅសេវាឱ្យសោះ។

ការជំរុញបែបនេះរបស់ឯកឧត្ដមឃួង ស្រេងបានធ្វើឡើង នារសៀលថ្ងៃទី១៩ ខែឧសភា  ឆ្នាំ២០២៣ នេះ ខណៈដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំ ណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមាន ប្រសាសន៍ថា៖ ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបម្រើសេវាជូនពួកគាត់ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ត្រូវតែធ្វើឡើងឱ្យបានល្អ ទាន់ពេលវេលានិងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពួក គាត់ក្រៅសេវាឱ្យសោះ។ ឯកឧត្ដមបន្តទៀតថា ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋនៅតាមច្រកចេញចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី១ ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿននិងទី២ គឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតម្លៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឱ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ ។

ប៉ុន្តែទោះជាយ៉ាងណាក្តី ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីទូទាំង១៤ ខណ្ឌផងដែរ ដោយមន្ត្រីទាំងអស់បានបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា៖ ក្នុងពិធីសំណេះ សំណាលខាងលើនេះ ឯកឧត្ដមឃួង ស្រេង បានប្រគល់កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿងជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រ មួយគ្រឿងនិង ព្រីនធ័រ មួយគ្រឿងសម្រាប់យកទៅបំពេញការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *