ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសា នៅសង្កាត់ព្រែកហូរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលអំណោយពី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ 

ខេត្តកណ្ដាល ៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានលើកឡើងថា ការចែកអំណោយនាពេលនេះ គឺជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលខ្វះខាត ឆ្លើយតបតាមប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនទុកឲ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ បើទោះបីជាអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីក៏ដោយ ក៏អាជ្ញាធរនឹងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។
ឯកឧត្តម បានលើកឡើងដូច្នេះ នាឱកាសដែល ឯកឧត្តម ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតខ្លួន ពីព្រោះមានតែការចាក់វ៉ាក់សាំងនេះទេ ដែលអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឲ្យឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ការចាក់វ៉ាក់សាំងគឺជាការគិតគូ​រយ​កចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ។
បន្ថែមពីលើនេះ ឯកឧត្តមបានពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សប្រមូលផ្តុំ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង ១០០គ្រួសារនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គីឡូ មី ១កេស ទឹកត្រី១ដប ទឹកស៊ីអ៉ីវ ២ដប និងថវិកា ២ម៉ឺនរៀល។

pnn

Leave a Reply

Your email address will not be published. Required fields are marked *