ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តផ្តល់អង្ករ និងសម្ភារៈដល់រដ្ឋបាលក្រុង/ស្រុក ដើម្បីបម្រើ និងដោះស្រាយក្នុងស្ថានភាពបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ខេត្តកំពត ៖ នាថ្ងៃអង្គារ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត បានបន្តផ្តល់ជូន អង្ករ និងសម្ភារៈប្រើប្រាស់ ម៉ាស អាកុល ពិល និងអំពូលភ្លើងសូឡាថាមពលព្រះអាទិត្យ ឲ្យដល់រដ្ឋបាលក្រុង ស្រុក ដើម្បីយកទៅបន្តចែកដល់ ឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋក្នុងស្ថានភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្ត។
អំណោយទាំងនោះសរុបរួមមាន៖
-អង្ករចំនួន២០តោន
-ម៉ាស់ចំនួន៩៣០ ប្រអប់ ស្មើនឹង៤៦.៥០០សន្លឹក
-អាកុល៨កានស្មើនឹង២៤០លីត្រ
-អំពូលភ្លើងសូឡាចំនួន២៧៩គ្រឿង
-ពិលសាកភ្លើងអគ្គិសនី ចំនួន១៣៣គ្រឿង
ក្នុងនោះបានបែងចែកសម្រាប់ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ ក្នុងមួយក្រុង ស្រុកអង្ករ ចំនួន២តោន និងដោយឡែកស្រុកកំពង់ត្រាច ដែលមានរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ច្រើនទទួលបានអង្ករចំនួន៦តោន។ ចំណែកសម្ភារៈប្រើប្រាស់ ជូនដល់ក្រុង ស្រុកទាំង៨ ក្នុងមួយក្រុង ស្រុក ទទួលបាន ពិលចំនួន៥គ្រឿង ទឹកអាកុលចំនួន១កានស្មើនឹង៣០លីត្រ រីឯរដ្ឋបាលឃុំ សង្កាត់ចំនួន ៩៣ ក្នុងមួយឃុំ សង្កាត់ទទួលបានម៉ាសចំនួន១០ប្រអប់ អំពូលភ្លើងសូឡាចំនួន៣គ្រឿង និងពិលចំនួន០១គ្រឿង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើ ដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ក្រោយពីទទួលបាននូវអង្ករ និងសម្ភារៈប្រើប្រាស់នាពេលនេះ សូមប្រញាប់យកទៅចាត់ចែងប្រគល់ជូនបន្តដល់រដ្ឋបាលឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា និងដើម្បីបានប្រើប្រាស់ក្នុងស្ថានភាពដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងប្រយោជន៍បម្រើគោលដៅរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវក្នុងកាលៈទេសៈនេះ៕
pnn

Leave a Reply

Your email address will not be published. Required fields are marked *