ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន និងឯកឧត្តម នៃ ចារី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាពេលព្រឹកនេះមានការចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ-១៩ រួមមាន ការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុលជាដើម។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនៈភាពនៃខេត្តកំពង់ឆ្នាំង ថា ការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ តាមរយៈអនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្តនានា ដែលជាគោលបន្ទាត់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

ឯកឧត្តម បន្ដថា អស់រយៈ ៨ឆ្នាំ (២០១៣-២០២១) បានធ្វើជាអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ឧត្តុង្គឧត្តមបំផុត គោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម សម្តេចចៅហ្វាវាំង និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តលើរូបឯកឧត្តម។

ក្រោយបញ្ចប់អានរបារណ៍រួច ឯកឧត្តម អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឡើងអានព្រះរាជក្រឹត្យ អនុក្រឹត្យ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការតែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់ព្រះរាជក្រឹត្យ ត្រារដ្ឋបាលខេត្ត និងអនុក្រឹត្យជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដើម្បីមុខការទទួលខុសត្រូវលើតួនាទីភារកិច្ច។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរារដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ជំនឿទុកចិត្តដល់ឯកឧត្តម ឲ្យទទួលបានភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងតួនាទីជាអ្នកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ឱកាសឲ្យឯកឧត្តមចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដា្ឋនឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាងនេះទៅទៀត អភិបាលខេត្តកំពង់ឆ្នាំងថ្មី ក៏បានប្ដេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានាព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់ សម្តេចប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ខេត្តកំពង់ឆ្នាំង និងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *