ព័ត៌មានជាតិ

ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ចំនួន ៤១៥ ០០០ ដូស ដល់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី

ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន៤១៥ ០០០ ដូស ដល់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩។ នេះបើយោតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ បើតាមរដ្ឋមន្ត្រីក្រសួងការបរទេស ចក្រភពអង់គ្លេស Dominic Raab បានប្រកាសនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងចាប់ផ្ដើមបញ្ជូន វ៉ាសាំង Covid-19 ចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងបន្តថា ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ដូស ទៅកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្ដល់វ៉ាក់សាំងចំនួនចំនួន ១០០ លានដូស ដំបូងដែលយើងបានប្ដេជ្ញា ដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។ ឯកឧត្ដម បានបន្ថែមថា «យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត ហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព»។

 

លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ចំនួនដូសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋានដើម្បីចាប់ផ្ដើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្ដារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

លោកជំទាវឯកអគ្គរាជទូតបានបញ្ជាក់ដែរថា «ខ្ញុំពិតជារីករាយ ដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាកវ៉ាក់សាំងនៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ»។

សូមជម្រាបជូនដែរថា ជាមួយនឹងការប្រកាសរបស់ចក្រភពអង់គ្លេសក្នុងការបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥ ០០០ដូស ដល់កម្ពុជានោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែរថា សហរដ្ឋអាមេរិកបានប្រកាសផ្ដល់អំណោយ វ៉ាក់សាំង Johnson & Johnson ចំនួនជាង ១លានដូសដល់កម្ពុជា ដែលអំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

បើតាមកាលបរិច្ឆេទរបស់ស្ថានទូត វ៉ាក់សាំង Johnson & Johnson ចំនួនពាក់កណ្ដាល នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ហើយរំពឹងថាវ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ដោយមានលោក Ben Wohlauer ភារធារីស្ថានទូរអាម៉េរិក និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីប្រគល់-ទទួលការមកដល់នៃវ៉ាក់សាំងនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *