ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងដូសទី១ ត្រូវរួសរាន់ ស្វែងរកទីតាំងចាក់វ៉ាក់សាំងតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងដូសទី១ ត្រូវរួសរាន់ ស្វែងរកទីតាំងចាក់វ៉ាក់សាំងតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមប្រឆាំងនឹងការរាតត្បាតរបស់កូវីដ-១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីបន្តអនុវត្តន៍ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យសម្រេចបានតាមលទ្ធផលគ្រោងទុក ក៏ដូចជាពង្រីកវិសាលភាពនៃការគ្របដណ្តប់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់ សំដៅបង្កើនភាព ស៊ាំក្នុងសហគមន៍ឱ្យកាន់តែរឹងមាំនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តការចាក់ដូសទី១ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងបន្តការចាក់ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែកចំនួន០៨ទីតាំង រួមមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងមន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។

លោក សា សុវណ្ណារ៉ា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការជូនដំណឹងរបស់រដ្ឋ បាលរាជធានីភ្នំពេញ ស្តីពីការចាក់វ៉ាក់សាំងដូសទី១ សម្រាប់អ្នកខកខានមិនទាន់បានចាក់ គឺលោកបានទៅចាក់នៅតាមទីតាំង ដែលរដ្ឋបាលរាជធានីបានណែនាំ ។

លោកបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំស្វះស្វែងរកជំនួយ ក៏ដូចជាបញ្ជាទិញវ៉ាក់សាំងពីគ្រប់ទិសទី ដើម្បីជួយឱ្យប្រជាពលរដ្ឋមានភាពសុំានៅក្នុងខ្លួន ក្នុងការវាយ បកទៅនឹងមេរោគកូវីដ-១៩ បើទោះបីជាវ៉ាក់សាំងមិនអាចធានាបាន១០០ភាគរយក៏ដោយ ប៉ុន្តែវ៉ាក់សាំងនេះគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុត បន្ទាប់ពីការអនុវត្តន៍វិធានសុខាភិបាល ក៏ដូចជាវិធាន ការ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ។

លោកបានបន្ថែមទៀតថា ការដែលខកខានមិនអាចទៅទទួលការចាក់វ៉ាក់សាំង កាល ពីពេលកន្លងទៅនោះ គឺដោយ សារតែលោកមានកិច្ចការរវល់ផ្ទាល់ខ្លួន ។

« ដោយសារការលើកមុនខ្ញុំរវល់មើលប៉ាឈឺនៅពេទ្យ បានមិនមានពេលវេលាក្នុងការទទួលការចាក់ ហើយក៏បានផុតកំណត់ទៅ ហើយឥឡូវនេះគឺខ្ញុំមានពេលវេលាក៏ខ្ញុំឆ្លៀតមកចាក់ ដូច្នេះខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអ្នកខកខានបានទទួលការចាក់វ៉ាក់សាំងសាជាថ្មីម្ដងទៀត ដើម្បីការពារពីជំងឺឆ្លងកូវីដ១៩ដ៏កាចសាហាវនេះបាន »៕

Leave a Reply

Your email address will not be published. Required fields are marked *