ព័ត៌មានជាតិ

កសិកររស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារ

ខេត្តសៀមរាប៖ កសិករមួយរូបរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារងាយស្រួលលក់ចេញ ហើយប្រមូលបានជាច្រើនតោនក្នុងមួយ​ខែ​ៗ។

លោក អ៊ំ រតនៈ កសិករ ដាំដុះដំណាំឬស្សីទំពាំងផ្អែម រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា ដោយសារទឹកចិត្តស្រឡាញ់លើការងារដាំដុះដំណាំកសិកម្ម លោកបានជ្រើសរើសការដាំដុះ ឬស្សីទំពាំងផ្អែមតាំងពីឆ្នាំ២០១៨មក លើផ្ទៃដីទំហំ១ហិកតាកន្លះ ដោយលោកយល់ថា ដំណាំប្រភេទនេះ មានតម្រូវការខ្ពស់លើទីផ្សារ ប្រមូលផលបានគ្រប់រដូវកាល និងឆាប់ទទួលបានផលមកវិញ ក្រោយពេលដាំដុះរួចត្រូវរង់ចាំពេលវេលាចន្លោះពី៨ខែឡើងទៅ អាចប្រមូលផលបានហើយ។

លោកបន្តថា សព្វថ្ងៃទំពាំងផ្អែម មានតម្រូវការខ្ពស់លើទីផ្សារ ដោយក្នុងមួយខែលោកអាចលក់ចេញទំពាំង បានចន្លោះពី២ ទៅ៣តោន មានតម្លៃចាប់ពី១៥០០រៀលទៅ២០០០រៀល ក្នុង១គីឡូក្រាម និងអាចលក់កូនឬស្សីពូជ ក្នុងមួយរដូវបានចាប់ពី៣ទៅ៤ម៉ឺនកូន និងមាន តម្លៃចាប់ពី៤០០០ទៅ៥០០០រៀលក្នុងមួយដើម។ លោកបន្តថា ឫស្សីទំពាំងផ្អែម ជាដំណាំមួយប្រភេទ ងាយស្រួលថែទាំ មិនរើសដី ដូចដំណាំផ្សេងៗនោះទេ ពោលគឺអាចដាំបាន គ្រប់សណ្ឋានដី ប៉ុន្តែកសិករត្រូវរៀបចំជាប្រព័ន្ធទឹកឱ្យត្រឹមត្រូវជាមុន ដើម្បីទ្រទ្រង់ដើម និងត្រូវមានជីធម្មជាតិឱ្យគ្រប់គ្រាន់ មុនពេលដាំ។ ចំពោះកសិករដែលចង់បានបច្ចេកទេស និងពូជឫស្សីផ្អែមអាចទំនាក់ទំនងមករូបលោកដោយផ្ទាល់បាន។

សូមជម្រាបផងដែរថា ឬស្សីទំពាំងផ្អែមជារុក្ខជាតិដំណាំបន្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ដោយសារតែរស់ជាតិឆ្ងាញ់របស់វា មិនសូវហាង ឬមិនមានជាតិអាស៊ីត ដូចទំពាំងធម្មតា បានធ្វើឱ្យទំពាំងផ្អែម ក្លាយជាអាហារដ៏ពេញនិយមមួយ និងមានតម្រូវការខ្ពស់លើទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *