ព័ត៌មានជាតិ

វិទ្យាស្ថានជាតិអប់រំ ត្រូវតែជាកន្លែងមួយដែលឈានមុខគេ ក្នុងការលើកកម្ពស់ការបង្រៀនតាមអនឡាញ និងការគ្រប់គ្រងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា វិទ្យាស្ថានជាតិអប់រំ ត្រូវតែជាកន្លែងមួយ ដែលឈានមុខ ក្នុងការលើកកម្ពស់ការបង្រៀនតាមអនឡាញ និងការគ្រប់គ្រងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចាប់យកការ បង្រៀនឱ្យទាន់បណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក នាសតវត្សរ៍ទី២១នេះ។

ថ្លែងឱកាសដាក់ឱ្យប្រើប្រាស់សាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ ក្រោមកិច្ចគាំទ្របច្ចេកទេសពីក្រុមហ៊ុន ផុស្ការ ឌីជីថល ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គ្រូដែលចេញពីវិទ្យាស្ថានជាតិអប់រំ ត្រូវតែមានសមត្ថភាពទាំងផ្នែករឹង និងផ្នែកទន់ ក្នុងការបង្រៀន និងការគ្រប់គ្រងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់នូវ សាលារៀនឌីជីថល នៅវិទ្យាស្ថានជាតិអប់រំ គឺជាកាតាលីករមួយ ដែលជំរុញឱ្យគ្រូបង្រៀនឈានទៅមុខមួយកម្រិតបន្ថែមទៀតផ្នែក បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបន្តថា បញ្ហាប្រឈមក្នុងប្រព័ន្ធអប់រំនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺការប្រើប្រាស់ឯកសារកាលពី១០ឆ្នាំមុន ដើម្បីធ្វើការបង្រៀនដល់សិស្ស ខណៈស្ថានភាពក្នុងពេលបច្ចុប្បន្ន មានមុខវិជ្ជាមួយចំនួនមានការវិវត្តន៍ជាបន្តបន្ទាប់ ដែលធ្វើឱ្យសិស្ស មិនអាចទទួលបាននូវចំណេះដឹងថ្មីៗ។

ឯកឧត្តម រដ្ឋមន្ត្រី អះអាងថា ការបង្កើតបរិយាកាសបង្រៀន និងសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញកាន់តែច្រើន គឺផ្តល់នូវជម្រើស និងអំណោយផលសម្រាប់ការសិក្សា ក៏ដូចជាការប្រើនូវវិធីសាស្ត្របង្រៀនសមស្រប ដើម្បីកែលម្អលទ្ធផលសិក្សាសិស្សប្រសើរជាងមុន។

ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានឱ្យដឹងថា វិទ្យាស្ថានជាតិសម្រាប់ការបណ្តុះបណ្តាលគ្រូកម្រិតឧត្តមនេះ បាននិងកំពុងសហការជាមួយក្រុមហ៊ុន Poscar Digital ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល។

បើតាមការឱ្យដឹងពីលោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បញ្ជាក់ថា ជំនួយដល់វិទ្យាស្ថានជាតិអប់រំនេះ ផ្តោតលើ ការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល រយៈពេល៧ឆ្នាំ និងម៉ាស៊ីនវត្តមានឌីជីថលចំនួន៤គ្រឿង ដែលអាចពង្រឹងសមត្ថភាពជំនាញដល់គ្រូបង្គោល និងគរុសិស្សនិស្សិត។ លោកថា សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកកំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុន ក៏កំពុងធ្វើការជួយដល់ថ្នាក់ ឧត្តមសិក្សាថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *