ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ត្រៀមរួចរាល់ក្នុងការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០នៅកម្ពុជានាខែវិច្ឆិកាខាងមុខ

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងព័ត៌មានបានត្រៀមរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍អម ស្តីពីវេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុប លើកទី១០ នាខែវិច្ឆិកាខាងមុខ ដើម្បីធានាឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន ជាមោទនភាពជាតិស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ បានឱ្យដឹងថា ក្រុមការងារក្រសួងព័ត៌ មានកំពុងបំពេញការងារយ៉ាងសកម្មក្នុងការត្រួតពិនិត្យខ្លឹមសារ រៀបចំទីកន្លែង ការផ្សព្វផ្សាយ និងការសម្របសម្រួលការចូលរួមរបស់អ្នកសារព័ត៌មានក្នុងស្រុក ដើម្បីចូលរួមក្នុងកិច្ចពិភាក្សានៃវេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុបលើកទី១០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំក្រុមការងារ រៀបចំព្រឹត្តិការណ៍អមស្តីពី វេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១តាមប្រពន្ធ័Zoom ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ជាជំហានទៅមុខទៀត ក្រុមការងាររបស់ក្រសួងព័ត៌មាន បាននិងកំពុងពន្លឿនកិច្ចការមួយចំនួន ជាមួយមូលនិធិអាស៊ី-អឺរ៉ុប ដើម្បីផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈ សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ខណៈដែលអ្នកសារព័ត៌មានមកពីបណ្តាប្រទេស ដទៃទៀតក្នុងតំបន់អាស៊ី-អឺរ៉ុប នឹងអញ្ជើញចូលរួមផងដែរតាមរយៈប្រព័ន្ធវីដេអូ។

 « យើងបានត្រៀមរៀបចំទៅតាមផ្នែកនីមួយៗក្នុងការទទួលខុសត្រូវ ហើយក៏បានពិនិត្យទៅលើវឌ្ឍនភាពរបស់ផ្នែកនីមួយៗដែលទទួលខុសត្រូវ នៅក្នុងការរៀបចំវេទិកាតុមូលរបស់យើងផងដែរ ។ ហើយរហូតមកដល់ពេលនេះគឺក្រុមការងារទទួលបន្ទុកនីមួយៗ ក៏កំពុងតែបន្តធ្វើកិច្ចការរបស់ខ្លួន រួមមានទាំងការត្រៀមលក្ខណៈរៀបចំនូវខ្លឹមសារដែលពាក់ព័ន្ធឯកសារជាខ្លឹមសារ ពាក់ព័ន្ធទៅនឹងការរៀបចំវេទិកាតុមូលរបស់យើង ពាក់ព័ន្ធទៅនឹងការរៀបចំទីកន្លែងការសម្របសម្រួល ការចូលរួម ការអញ្ជើញអ្នកសារព័ត៌មានទាំងក្នុងស្រុកចូលរួម។និយាយឱ្យងាយស្ដាប់ពាក់ព័ន្ធទៅនឹងឡូជីស្ទិកគឺយើងកំពុងតែដំណើរការពិភាក្សាហើយនិងត្រៀមលក្ខណៈរៀបចំ។ពេល នេះក្រុមការងារក៏នៅតែបន្តពិភាក្សាក៏ដូចជាសហការនិងសម្របសម្រួលការងារនៅសេសសល់មួយចំនួនជាមួយភាគីមូលនិធិអាស៊ីអឺរ៉ុបដែលហៅកាត់ថា អាសេស ដើម្បីផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈនៅក្នុងការរៀបចំព្រឹត្តិការណ៍និពន្ធនាយកសារព័ត៌មានលើកទី១០ របស់យើងផងដែរ»។

សូមបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុប លើកទី១០ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា មានគោលបំណងសំខាន់ដើម្បីឈានទៅលុបបំបាត់ព័ត៌មានដែលមិនពិតនៅក្នុងសង្គម និងរក្សាតម្លៃ ឬ វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន តាមរយៈការជជែក ពិភាក្សាគ្នាពីគ្រប់ទិដ្ឋភាពនៃស្ថានភាពសារព័ត៌មាននៅក្នុងទ្វីបនៃប្រទេសទាំង២ ហើយលើកជា អនុសាសន៍ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពមិនបង្កផលប៉ះពាល់ដល់សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *