ព័ត៌មានជាតិ

កម្ពុជានឹងបន្តទទួលរងឥទ្ធិពលសម្ពាធទាបធ្វើឱ្យមាន ភ្លៀងពីតិចទៅបង្គួរចាប់ពីថ្ងៃទី ០២ដល់០៥ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន 

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុចាប់ពីថ្ងៃទី ០២ដល់០៥ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជានឹងបន្តទទួលរងឥទ្ធិពលសម្ពាធទាបធ្វើឱ្យមាន ភ្លៀងពីតិចទៅបង្គួរ។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសផល ប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដោយបន្តពីថ្ងៃទី២ដល់៥ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសាជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ផ្អែកទៅតាមស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦°C និងសីតុណ្ហភាពអតិបរមា ពី ៣២ទៅ៣៤°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២ដល់៥ ខែតុលា កម្រិត ទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរា​ជធានី-ខេត្ត នៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ។

រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៥°C សីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣២°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ចំណែកឯតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C សីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣២°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕

Leave a Reply

Your email address will not be published. Required fields are marked *