ព័ត៌មានជាតិ

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ ខេត្តកែប និង​ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា​ បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១២៥គ្រួសារ នៅក្រុងកែប ខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា​ ព្រមទាំងថ្នាក់ដឹកនាំមកពីគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​​ អភិបាលរងខេត្ត​ អភិបាលក្រុងកែប និងមន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ បានអញ្ជើញសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាក​នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

អំណោយដែលយកទៅប្រគល់ជូនប្រជាពលរដ្ឋ១២៥គ្រួសារ នោះ ក្នុង១គ្រួសារទទួលបានអង្ករ ២០kg និងមី១កេស រួមទាំងថវិការបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២៤០០ដុល្លារ​ ជូនព្រះវិហារឥស្លាមភូមិថ្មី​ ក្រុងកែប ដែលសរុបជាថវិកាទាំងអស់ ៤៥៨៧ ដុល្លារអាមេរិក ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានផ្តល់ជូនដំណាប់លម៉ើ ១៧០គីឡូក្រាម និងគម្ពីរអាល់គួរអាន​ មួយចំនួនផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានស្វាគមន៍ និងថ្លែងអំណរគុណគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់សាកសួរទុក្ខ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកែប ដែលនេះជាការរួមចំណែកសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារវិបត្តិនៃជំងឺឆ្លង ជាសាកលកូវីដ-១៩ ។ ឯកឧត្តម​ អភិបាលខេត្ត​ បន្តថា កន្លងមក អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយភូមិទាំងអស់ តែងតែចុះដល់គ្រប់មូលដ្ឋាន និងនាំយកអំណោយសង្គ្រោះផ្តល់ជូនដល់បងប្អូន ដែលកំពុងជួបការលំបាកជាប់ជាប្រចាំ និងគ្រប់ភូមិទូទាំងខេត្ត ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្ត្តជាប្រចាំ នូវវិធានការសុខាភិបាល វិធានការបីកុំ បីការពារ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ទម្លាប់រស់នៅល្អ ហូបស្អាត ផឹកស្អាត មានអនាម័យ ទើបយើង អាចឈានទៅបញ្ចប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងមានជីវភាពប្រសើរឡើងវិញ ។

ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ​ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះ ពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុ បោះឆ្នោតឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *