ព័ត៌មានជាតិ

កីឡាវ៉ូវីណាមមានមហិច្ឆតាចង់ឃើញចៅក្រម-អាជ្ញាកណ្ដាលយ៉ាងតិច ៥នាក់កាត់សេចក្ដីក្នុងស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបង្ហាញមហិច្ឆតាចង់ឱ្យមានចៅក្រម-អាជ្ញាកណ្ដាល យ៉ាងតិច ៥នាក់ កាត់សេចក្ដីលើទីលាន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣ ពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ។ ការដាក់គោលដៅបែបនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ចៅក្រមនិងអាជ្ញាកណ្ដាល កម្រិត «ក» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ បន្ទាប់ពីឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃ ទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ ក្រោមការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេសនាមកម្រិតអន្ដរជាតិ ២រូប គឺលោក Master Nguyen Van Coung គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវ៉ូវីណាម និងលោក ទេព ជីវសុខុម គ្រូជំនួយក្រុមជម្រើសជាតិ ។ ឯកឧត្តម អ៊ូ រតនា បានបន្ដថា ស៊ីហ្គេមនៅកម្ពុជា សល់ពេលជាង ៤៥០ថ្ងៃទៀតប៉ុណ្ណោះ ។ ដូច្នេះទន្ទឹមជាមួយការអភិវឌ្ឍន៍នូវធនធានកីឡាករ-កីឡាការិនី ពីសំណាក់គ្រូបង្វឹក ធនធានចៅក្រម-អាជ្ញាកណ្ដាល ក៏ត្រូវពង្រឹងការអភិវឌ្ឍន៍ផងដែរ ព្រោះការអភិវឌ្ឍន៍ទៅលឿន ក៏ត្រូវមានការ ចូលរួមដ៏សកម្មពីចៅក្រម-អាជ្ញាកណ្ដាលដែរ ។ បើចៅក្រម-អាជ្ញាកណ្ដាល អនុវត្តតួនាទីភារកិច្ចប្រកបដោយយុត្តិធម៌ត្រឹមត្រូវ គឺជាការលើក ទឹកចិត្តមួយដ៏ខ្ពស់ សម្រាប់កីឡាករ-កីឡាការិនីក្នុងការប្រកួត ។ ឯកឧត្តមបានស្នើឱ្យចៅក្រម-អាជ្ញាកណ្ដាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពសច្ចៈនិងយុត្តិធម៌ ពេលឡើងកាត់សេចក្ដីលើទីលាន ដ្បិតឆ្លងកាត់ការ សិក្សាប៉ុន្មានថ្ងៃនេះ សហព័ន្ធបានធ្វើការជាមួយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដោយនឹងជូនដំណឹងឱ្យចៅក្រម-អាជ្ញាកណ្ដាលកម្ពុជា ដែលបានចូលរួមសិក្សាវគ្គនេះ នឹងបញ្ជូនទៅធ្វើចៅក្រម-អាជ្ញាកណ្ដាល នៅរដ្ឋធានីហាណូយ ក្នុងការប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ ដើម្បីជាបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ឯកឧត្តមប្រធានសហព័ន្ធ បានសង្កត់ធ្ងន់ថា មុនស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា យើងក៏ត្រូវធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍មួយទៀត នាខែមករា ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានអនុញ្ញាតហើយ។ដូច្នេះទាមទារឱ្យមានចៅក្រម-អាជ្ញាកណ្ដាលរបស់យើងចូលរួមច្រើន។ ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានដំណើរការចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ២៥នាក់ (នារី៧នាក់) មកពី ១០រាជធានី-ខេត្តចូលរួម ។ ចំពោះការសិក្សាទ្រឹស្ដីបានធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងការអនុវត្តន៍ផ្ទាល់ធ្វើឡើងនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ ជាលទ្ធផលនៃការសិក្សា មានសិក្ខាកាមចំនួន១៥នាក់ទទួលបាននិទ្ទេសល្អ និង ១០នាក់ ល្អបង្គួរ ៕

Leave a Reply

Your email address will not be published. Required fields are marked *