ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦ ដែលប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីរត់ប្រណាំង ក្រោមពាក្យស្លោក “កីឡា និងបេតិកភណ្ឌពិភពលោក” នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានអ្នកចូលរួមចំនួន ៨៨០នាក់។
អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ការរៀបព្រឹត្តិការណ៍កីឡា Preah Vihear Temple Run 2024 ដើម្បីចូលរួមអបអរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។អ្នកចុះឈ្មោះចូលរួមមានជនបរទេសចូលរួមផងដែរ។ការរត់ប្រណាំងលើវិញ្ញាសាចំនួន៤រួមមាន៖ រត់ចម្ងាយ ៣០គីឡូម៉ែត្រ, រត់ចម្ងាយ ២១គីឡូម៉ែត្រ, រត់ចម្ងាយ ៧គីឡូម៉ែត្រនិងដើរចម្ងាយ ៧០០ម៉ែត្រ។
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា។
បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍក្នុងតំបន់ប្រាសាទ ព្រះវិហារ៕
ដកស្រង់ពី៖ ក្រសួងព័ត៌មាន