ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំបូកសរុបការងារគណនេយ្យភាពសង្គមខេត្តកណ្តាល ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ការអនុវត្តគណនេយ្យភាពសង្គម គឺបានផ្តល់នូវសិទ្ធិ អំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង លើការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមរយៈការលើកកម្ពស់ភាពងាយទទួលបានព័ត៌មាននានា និងការចូលរួមតាមដាន ត្រួតពិនិត្យ ការបំពេញតួនាទី ភារកិច្ច ការងារ របស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ បន្ទាប់ពីបានអនុវត្តការងារនេះរួចមក យើងទាំងអស់គ្នា សុទ្ធតែបានទទួលស្គាល់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារគណនេយ្យភាពសង្គម ពិតជាបានរួមចំណែកនូវការអនុវត្តតួនាទី ភារកិច្ច និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈកាន់តែប្រកបដោយប្រសិទ្ធិភាព និងបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះ មុខ សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ដើម្បីធានាដល់ការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ តាមរយៈការប្រែក្លាយខ្លួនឱ្យទៅជា អ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព ដែល អាចទុកចិត្តបាន និងធ្វើឱ្យសេវាទាំងនោះកាន់តែបានល្អប្រសើរបន្ថែមទៀត។ ក្នុងការអនុវត្ត លើកិច្ចការងារនេះ វាជាកញ្ចក់ឆ្លុះបញ្ចាំងលើការគ្រប់គ្រង ការដឹកនាំ និងការផ្តល់សេវាដោយ អង្គភាពខ្លួន ដែលត្រូវបំពេញនូវលក្ខ័ណ្ឌស្តង់ដារការងារដែលបានកំណត់ដោយរដ្ឋ និងមាន ការវាយតម្លៃដាក់ពិន្ទុពីបុគ្គលិករបស់ខ្លួន ព្រមទាំងវាយតម្លៃការដាក់ពិន្ទុកដោយប្រជាពលរដ្ឋ លើការបំពេញការងារ និងការផ្តល់សេវារបស់មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
ឯកឧត្ដម បន្ថែមថា៖ រាជរដ្ឋបាលភិបាលកម្ពុជា បានចាត់ទុកការធ្វើកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសង្គមនៅក្នុងប្រទេស ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានធ្វើទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិនានា រួមមាន៖
១.កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
២.កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
៣.កម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៤.កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់តាមវិស័យនានាជាច្រើនទៀតផងដែរ។