សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានបង្កើត អ.វ.ត.ក. ដែលមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាជាតិ និងថោយមានការឧបត្ថម្ភគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងការផ្សះផ្សារសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងការផ្តល់សារមួយសម្រាប់មេដឹកនាំបណ្តាប្រទេសទូទាំងពិភពលោក ពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ខ្នងព្រៃផ្សៃរបស់ពួកគេ។
នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបន្តថា អ.វ.ត.ក. បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដោយនឹកស្មានមិនដល់ និងគួរឱ្យកត់សម្គាល់ក្រៃលែង ដោយបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយ មកធ្វើការជំនុំជម្រះទោស។ សកម្មភាពនេះជាការលាតត្រដាងពីការពិតជាប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហម និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដោយបានជួយសម្រាលផ្លូវចិត្តដល់ពួកគាត់ ព្រមទាំងបានបន្សល់ទុកឯកសារសំណុំរឿងជាង ២,៤លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ក្នុងរាជធានីភ្នំពេញ៕