ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បាននាំយកទានវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ដល់វត្តចំនួន៤ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ។
ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៤ ក្នុងក្រុងកំពង់ចាម រួមមាន: វត្តខេមវ័នបឹងស្នាយ , វត្តជោតនារាមបឹងកុក , វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម ដោយក្នុង១វត្តៗ មាន ៖ ទៀនវស្សា ក្បាច់ចំនួន ០១ គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ០១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម និងបច្ច័យមួយចំនួន ។ ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ផងដែរ ។
គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕