ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែខសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើគម្រោងជាអាទិភាពនានារបស់ក្រុង-ស្រុកទាំង១៣ ដែលបានស្នើឡើយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព បម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រជុំនេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធនានា។
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺជាការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីរួមគ្នាពិនិត្យសំរេច និងផ្តល់យោបល់លើសេសេចក្តីព្រាគម្រោងវិនិយោគខេត្តឆ្នាំ២០២៥ ឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ឆ្លងក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័ត។
ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ដែរថា សេចក្តីព្រាងកម្មវិធីវិនិយោគខេត្តឆ្នាំ២០២៥ គឺជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក ដែលជាគម្រោងអាទិភាព សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត រាល់គម្រោងធ្វើផ្លូវក្នុងខេត្ត ទីចាត់ ការនេះត្រូវទទួលខុសត្រូវលើការធ្វើដោយផ្ទាល់ ជំនួសឱ្យវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវគិតគូបញ្ហាសាងសង់អាគារសិក្សាបន្ថែមនៅតាមក្រុង-ស្រុកដែលមានតំរ៉ូវការ ដោយសាកក្តាសិស្សមានការកើនឡើង បណ្តាលឱ្យខ្វះអាគាសិក្សា ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាដោះដូរគំរបលូដែលខូចខាតតាមផ្លូវសាធារណៈ ជាពិសេសត្រូវត្រៀមរៀបចំម៉ូទ័រមូមរំដោះទឹកក្នុងក្រុងតាខ្មៅ ដោយត្រូវត្រៀមរៀបចំប្រព័ន្ធរំដោះទឹក និងស្ដារប្រព័ន្ធលូដើម្បីធ្វើឱ្យទឹកអាចហូរបានប្រសើរឡើងវិញ សំដៅធ្វើយ៉ាងណាបញ្ជៀសការជន់លិច នៅក្នុងក្រុងតាខ្មៅ នៅពេលដែលមានភ្លៀងធ្លាក់ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។