ខេត្តរតនគិរី៖ ពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាពិសេស (អតីតសមាជិកគណបក្សប្រឆាំងផ្សេងៗ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ព្រមទាំងសហការីអមដំណើរជាច្រើនរូប មន្ត្រីគណបក្សមូលដ្ឋានផងដែរ នាថ្ថៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ។
កិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តម ញ៉ែម សំអឿន បានមានមតិសំណេះសំណាលស្វាគមន៍ជូនគណៈអធិបតី និងអង្គពិធីដោយបញ្ជាក់ថា ថ្ងៃនេះខេត្តរតនគិរីមានក្តីរំភើបរីករាយ ដោយបានទទួលក្រុមការងាររបស់ ឯកឧត្តមបេសកជនពិសេសសម្តេចប្រធានគណបក្ស និងមួយទៀតគឺទទួលបងប្អូន(អតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ) ដែលសុទ្ធសឹងតែជាអតីតថ្នាក់ដឹកនាំតាមមូលដ្ឋានតំណាងឱ្យគណបក្សប្រឆាំង ចាប់ពីថ្នាក់ឃុំ/សង្កាត់ រហូតដល់ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្តទាំង៥៣៩នាក់នេះ គឺគណបក្សខេត្តរតនគិរីទាំងមូល សូមអរគុណណាស់ដែលបងប្អូនសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនវិញ និងចូលរួមចំណែកដ៏ធំធេង ក្នុងការរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងពិធីនោះផងដែរ ឯកឧត្តមយូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត មានមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តរតនគិរី ចំនួន៥៣៩នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្តមយូ សិរីវុឌ្ឍ សង្កត់ធ្ងន់ថា៖ គណបក្សប្រជាជនកម្ពុជា តែងតែប្រមូលផ្តុំខ្មែរទាំងមូលឱ្យចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំមកហើយ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ទើបប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះសម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានពុះពារ ការពារដាច់ខាតមិនឱ្យជនណា ឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូតជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕