ខេត្តកណ្តាល÷ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង
ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។
ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពល រដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍។ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល។
ប៉ុន្តែចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា រដ្ឋបាលខេត្តកណ្ដាលជាពិសេសនគរបាលខេត្ត មិនបណ្ដោយឲ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេកានៅក្នុងកាស៊ីណូខាងលើនេះ ហាក់ដូចជាកម្ពុជាមិនមានច្បាប់ទម្លាប់អ្វីត្រឹមត្រូវ។ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះជាពិសេសអ្នកចូលលេងល្បែងស៊ីសងមាន់ជល់ ក្នុងការស៊ីណូខាង លើនិយាយថា ច្បាប់ទម្លាប់អនុវត្តឬមិនអនុវត្តអាស្រ័យទៅលើអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាលនោះឯង។ ដូច្នេះគេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចមិនបណ្ដោយឲ្យជនបង្កជាមេការនៅក្នុងកាស៊ីណូខាងលើ រួចខ្លួនដោយ ងាយៗនោះឡើយ៕