ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក ទឹម ផានូ អភិបាលក្រុងច្បារមន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនពីរគ្រួសារ រស់នៅក្នុងខេត្តកំពង់ស្ពឺមានដូចជា៖ ទីមួយ លោកយាយ ទួច ឃឿន អាយុ៨៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទីពីរ លោកយាយ មូល រ៉េត អាយុ៩២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលលោកយាយសព្វថ្ងៃនេះ គឺមានបញ្ហាពិកាជើងទាំងពីរ ព្រមទាំងមានជីវភាពខ្វះខាត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
អំណោយមនុស្សធម៌ដែលបានចែកជូនដល់លោកយាយទាំងពីររួមមាន៖ អង្ករចំនូន៣ប៉ាវ មីខ្លាឃ្មុំចំនួន២កេស ទឹកផ្លែឈើចំនួន២កេស ទឹកបរិសុទ្ធចំនួន២កេស និងរទេះរុញចំនួន១គ្រឿង ព្រមទាំងថវិកាឧបត្ថម្ភពីសាលាក្រុងច្បារមនចំនួន ២០ម៉ឺនរៀលផងដែរ។