រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤

រដ្ឋបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់បានជ្រាបថា ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងដើម្បី បង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ ព្រមទាំងដើម្បី ចូលរួមអបអរសាទរក្នុងពិធីបុណ្យចេញព្រះវស្សា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្ត កណ្តាល់ នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍១៥កើត-ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។


ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាលក៏នឹងរៀបចំឲ្យមានការប្រគំតន្ត្រី ការសម្តែង សិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងអញ្ជើញចូលរួមកម្សាន្តសប្បាយ និងអបអរក្នុងពិធីប្រណាំងទូកនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ។