ខេត្តតាកែវ ៖ របាំងក្រឡាល្អិតជាច្រើនកន្លែងរាប់ពាន់ម៉ែត្រ នៅក្បែរតំបន់ដែនអភិរក្សក្នុងស្រុកបុរីជលសារ ខេត្តតាកែវ ហាក់មិនទទួលបានការចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរដែនដីស្រុកបុរីជលសារ ក៏ដូចជាអាជ្ញាធរខេត្តតាកែវ ។
ទោះបីក្នុងរដូវបិទនេសាទក៏ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឬហៅថារបាំងឈឹប ដែលមានក្រឡាញឹក ជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជជាបណ្ដើរៗ ប្រសិនជាអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ មានវិធានការយឺតយ៉ាវ មិនចុះបង្ក្រាបឬទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ជាក់ស្តែងបន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋថាមានករណីដាក់របាំងស្បៃជាច្រើនពាសពេញផ្ទៃទឹក នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារព័ត៌មានកណ្តាលហតញូស៍, គេហទំព័រ រស្មីនាងពួន, គេហទំព័រ SOI, គេហទំព័រ ភីអិនអិនដេលី, កាសែតរស្មីសិលាអង្គរ បានចុះទៅដល់ទីតាំងចុះផ្តិតយករូបភាពនិងវីដេអូមួយចំនួន សង្កេតឃើញថា ពិតជាមានករណីដាក់របាំងជាច្រើនពាន់ម៉ែត្រ និងជាច្រើនកន្លែងពិតប្រាកដមែន។
ក្នុងនោះផងដែរ ក្រុមការងារយើងមិនអាចទំនាក់ទំនងទៅលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឡើយព្រោះគ្មានលេខទូរស័ព្ទ ។
ប្រជាពលរដ្ឋក៏ដូចជាមហាជនដាក់ការសង្ស័យថា មានមន្ត្រីមួយចំនួនតូចមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយហើយ ទើបការដាក់របាំងស្បៃជាច្រើនពាសពេញផ្ទៃទឹក តែអាជ្ញាធរមិនទាន់ចាត់វិធានការចុះបង្ក្រាបឱ្យទាន់ពេលវេលា ឬមន្ត្រីពាក់ព័ន្ធស្ពឹកស្រពន់ដៃជើង ខ្វះខាតធនធានមនុស្សអាចគ្រប់គ្រងមូលដ្ឋាន និងបង្ក្រាបបទល្មើសផ្សេងឱ្យបានទាន់ពេលវេលា។ ដូច្នេះ ពលរដ្ឋស្នើសុំដល់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មេត្តាចាត់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះទប់ស្កាត់បទល្មើសនេសាទខាងលើឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផង ដើម្បីជៀសវាង កូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជតទៅមុខ។