ខេត្តតាកែវ៖ នាពេលថ្មីៗនេះ រដ្ឋបាលស្រុកអង្គរបុរីបានចេញលិខិតបំភ្លឺ បដិសេធថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ គឺគ្មានបុគ្គលរូបណាបាននឹងកំពុងយកប្រាក់ពីទូកដឹកស្រូវ ហើយក៏គ្មានបុគ្គលរូបណា ឬអាជ្ញាធរថ្នាក់ណាទទួលប្រាក់ពីអំពើនេះដែរ ចំពោះការលើកឡើងនេះ គឺផ្ទុយពីលោក ហ៊ីម ម៉ាឡាយ៉ា ប្រធានច្រកទ្វេរភាគីបាក់ដៃ ថាលោកពិតជាបានទទួលលុយមែន តែជាលុយថ្លៃបាយ ជាមនោសញ្ជេតនាប៉ុណ្ណោះ មិនបានគៀបសង្កត់នោះទេ។
ក្រោយបែកធ្លាយរឿងពុករលួយ ជាជម្ងឺមហារីកដល់ឆ្អឹង ករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវត្រូវបង់លុយ៦០ម៉ឺនរៀលក្នុងមួយទូកនៅកំពង់ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ស្រាប់តែធ្លាយថាលោក នូន បិន អធិការស្រុកអង្គបុរី ក៏មានចំណែកពាក់ព័ន្ធនៅក្នុងនោះផងដែរ។
ក្នុងនោះផងដែរ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ក៏បានចែករំលែកការបង្ហោះរបស់គេហទំព័រ សាន់ ដេ ដោយភ្ជាប់ជាមួយសំណេរថា “ ខេត្តតាកែវទៀតហើយ! នេះហើយជាមូលហេតុ ដែលនាំឲ្យឈ្មួញមិនអាចទិញស្រូវបានថ្លៃពីប្រជាពលរដ្ឋ ដែលខ្ញុំចង់និយាយនោះ! ខ្ញុំធ្លាប់បានលុបបំបាត់បាន! សូមឯកឧត្តមអភិបាលខេត្តមេត្តាដោះស្រាយលុបបំបាត់ចោលទៅ បើចង់ជួយកសិករខ្មែរ! ”
មហាជនលើកឡើងថា ក្រោយពីលោក សម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ សារភាពថាពិតជាមានការយកលុយដូចកាលើកឡើងមែន មានតែរង់ចាំមើលចំណាត់ការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី នឹងមានចំណាត់ការបែបណាជុំវិញករណីខាងលើនេះ ព្រោះអភិបាលខេត្តពី១ ទៅ១ ក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដាច់ដែរ។
បើយោងតាមលោក សុទ្ធ វុធ ដែលបានតាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ ជាអ្នកមើលការខុសត្រូវនៅកំពង់ផែខាងលើ បានប្រាប់អោយអ្នកកាសែតដឹងថា រាល់ទូកឈ្មួញជនជាតិវៀតណាម ចូលមកទិញស្រូវ ពលរដ្ឋខ្មែរគឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូក ត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមការកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។ លោក សុទ្ធ វុធ ដែលតាំងខ្លូនជាក្មួយឯកឧត្តម ដែលមិនហ៊ានបញ្ចេញឈ្មោះ ថាឯកឧត្តមនោះមានឈ្មោះអី្វ ឱ្យអ្នកកាសែតដឹងនោះឡើយ មូលហេតុដែលលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ព័ន្ធ ដូចជាលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វេភាគីបាក់ដៃ លោក សម ម៉ាឡាយ៉ា ប្រធានច្រកទ្វាបាក់ដៃ មេទាហ៊ាការពារព្រំដែនបាក់ដៃ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយអ្នកកាសែតដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេ ចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើនេះលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តតាកែវ បានអោយអ្នកកាសែតដឹងថា លោកមិនបានដឹងរឿងនឹងទេ ហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរ លោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ។
ចំណែកលោក សម ម៉ាឡាយ៉ា ប្រធានច្រកទ្វេរភាគីបាក់ដៃបានអោយដឹងថា ពិតជាមានការយកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយ ហើយការយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ៕