រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍រថយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២១អា។
រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៥កើត នឹងថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ(ស្ពានព្រែកសំរោង) រហូតដល់ផ្លូវលេខ២០៧; ផ្លូវលេខ២១០ ចាប់ពីផ្លូវលេខ១១០បេ រហូតដល់ផ្លូវលេខ១១០; និងកំណាត់ផ្លូវលេខ១១០ ចាប់ពីផ្លូវលេខ២០៩ រហូតដល់ផ្លូវជាតិលេខ២១; កំណាត់ផ្លូវលេខ១០៨ ១០៩ ចាប់ពីផ្លូវជាតិ លេខ២១
ដល់ ផ្លូវលេខ២០៨; និងកំណាត់ផ្លូវលេខ១០៧ ចាប់ផ្លូវលេខ២០៦ ដល់ ផ្លូវជាតិលេខ២១អា ព្រមទាំងបិទចរាចរណ៍ នាវាគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ ចាប់ពីស្ទឹងព្រែកត្នោត រហូតដល់ ស្ពានព្រែកសំរោង ចាប់ពីវេលាម៉ោង ១៥:០០ នាទីល្ងាចថ្ងៃទី១៦ រហូតដល់វេលាម៉ោង ១១:០០ នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។